Showing posts with label ចំណេះដឹង​ទូទៅ. Show all posts
Showing posts with label ចំណេះដឹង​ទូទៅ. Show all posts

Monday, September 9, 2013

Posted by KIA007 On 11:06 AM

ពពួក​ផ្កាដែលមាន​ឈ្មោះថា រ៉ាហ្វលេស៊ា (Rafflesia) គឺជា​ផ្កា​ដែល​បាន​ចាត់ទុក​ថា​ជា​ផ្កា​ដែល​មាន​ទំហំ​ធំជាងគេ​លើ​ពិភពលោក។ វា​អាច​លូតលាស់​ជារង្វង់​ដល់​ទៅ​មួយម៉ែត ហើយ​មាន​ទំងន់​ប្រហែល ១១​គីឡូ​ម៉ែត។ វាជា​ពពួក​រុក្ខជាតិ​បរាសិត ​ដែលតោង​ជាប់​រុក្ខជាតិ​ផ្សេងទៀត​ហើយ​ស្រូបយក​សារធាតុ​បំប៉ន។ ពេលដែលផ្កា រ៉ាហ្វលេស៊ា រីក​វាបញ្ចេញ​នូវក្លិន​ដ៏ស្អុយ ដូចជា​សាច់​រលួយដែរ។ វាជា​ប្រភេទ​រុក្ខជាតិ​ដែល​មាន​នៅតែ ព្រៃ បេងគូឡូ នៃកោះ​ស៊ូម៉ាត្រា នៃប្រទេស ឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី​តែប៉ុណ្ណោះ។



ប្រភពៈ​ Briskinfo.com



Sunday, September 1, 2013

Posted by KIA007 On 11:03 PM

កុំព្យូទ័រ​គឺជាម៉ាស៊ីន​ដែលអាច​ឲ្យយើង​ធ្វើ​ការងារ​បានយ៉ាង​ច្រើន​ដូចជា វាយ​អត្ថបទ ​ធ្វើ​ការ​គណនា​លេខ​ ស្តាប់ចំរៀង មើលភាពយន្ត លេងហ្គេម ធ្វើការរចនា ផ្ទុកនិងរក្សាទុកទិន្នន័យ បញ្ជូន​ព័ត៌មាន​ឲ្យគ្នា ស្វែងរក​ព័ត៌មាន​លើ​បណ្តាញ​អ៊ីនធឺណេត​ជាដើម។ សព្វថ្ងៃ​នេះ​កុំព្យូទ័រ​គឺជាម៉ាស៊ីន​ជំនួយ​ដ៏​សម្ខាន់ របស់មនុស្ស​ដែល​​មិនអាច​ខ្វះបាន​ចំពោះ​ការងារ​មួយចំនួនធំ ដែល​ការចេះ​នូវជំនាញ​កុំព្យូទ័រ​គឺជា​កត្តា​ដ៏ចម្បង​មួយ ដែល​អាចជួយ​សម្រួល​ដល់ការងារ​របស់​លោកអ្នក។





Saturday, July 27, 2013

Posted by KIA007 On 9:37 PM
រូបភាពនៃ​ស្ពាន ស៊ី ឌូ

សម្រាប់​កំណត់​ត្រាពិភពលោក​របស់យើង​ក្នុងសប្តាហ៍នេះ បណ្ណាល័យ អនឡាញ និង​លើក​យក​ពី​ស្ពាន​ ដែលមាន​កម្ពស់​​ខ្ពស់ជាង​គេ​លើ​ពិភពលោក (គិតត្រឹមថ្ងៃ ២៧ កក្កដា ២០១៣)។

ស្ពាន Si Du River Bridge មានកម្ពស់​ច្រើនជាង ១៦០០ ហ្វីត(៤៨៧.៦៨ ម៉ែត) គឺជា​ស្ពាន​ដែលមាន​កម្ពស់​ ខ្ពស់ជាង​គេ​លើ​ពិភពលោក។ ស្ពាន​នេះ​មាន​ទីតាំង​នៅជ្រលង​នៃទន្លេ Si Du នៅខេត្ត Hubei នៃ​សាធារណរដ្ឋ ប្រជាមានិតចិន។ ស្ពាននេះ​ត្រូវបាន​បើកនៅ​ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០០៩ ហើយ​បាន​ជាប់​ជាស្ពាន​ដែលមាន​កម្ពស់​ខ្ពស់ជាង​គេ ដែល​បាន​រចនា​មាន​រាង​ជា​អក្សរ​H​យ៉ាង​អស្ចារ្យ​ដោយ​ក្រុមហ៊ុន CCSHCC Second Highway Consultants Company, Ltd. ដែលថ្លៃ​ចំណាយ​ប្រមាណ​ជា ១០០ លាន​ដុល្លារ​អាមេរិច (ប្រភពពី www.highestbridges.com)។





អត្ថបទដោយៈ អ៊ឹង គាហេង
ប្រភពៈ www.briskinfo.com 




Saturday, May 18, 2013

Posted by KIA007 On 9:03 PM


• លោក បារ៉ាក់ អូបាម៉ា ជាប្រធានាធិបតេយ្យ ទី៤៤ នៃសហរដ្ឋអាមេរិក
• លោក អូបាម៉ា ជាប្រធានាធិបតេយ្យ ទី១ ដែលមានសំបុរខ្មៅរបស់សហរដ្ឋអាមេរិក
• លោក អូបាម៉ា ជាបេក្ខជនមកពីគណបក្ស ប្រជាធិបតេយ្យនៃសហរដ្ឋអាមេរិក
• លោក អូបាម៉ា បានឈ្នះឆ្នោតដោយបានឈ្នះ លោក ចន ម៉ាក ខែន នៅឆ្នាំ ២០០៨
• លោក អូបាម៉ា បានឈ្នះឆ្នោតដោយបានឈ្នះ លោក មីត រ៉ូមនី ក្នុងឆ្នាំ ២០១២
• លោក អូបាម៉ា បានចូលកាន់តំណែង នៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០០៩
• លោក អូបាម៉ា បានទទួលពានរង្វាន់ជ័យលាភី ណូបែលសន្តិភាព នៅឆ្នាំ ២០០៩
• លោក អូបាម៉ា មានកូនស្រីពីរនាក់ គឺ ម៉ាលា (កើតឆ្នាំ ១៩៩៨) និង សាសា (កើតឆ្នាំ ២០០១) (គិតត្រឹមអត្ថបទនេះបានសរសេរ ខែមេសា ២០១៣)
 • ឪពុករបស់លោកអូបាម៉ា មកពីប្រទេស គិនយ៉ា និង ម្តាយរបស់លោកមកពីរដ្ឋ កាន់សាស់
• លោក អូបាម៉ា ទទួលសញ្ញាប័ត្រច្បាប់ពីសាលាច្បាប់ ហាវឹត (Harvard Law School)
• លោក អូបាម៉ា ត្រូវបានគេហៅថា បារី (Barry) នៅក្នុងយុវភាពរបស់លោក
• ក្រៅពីភាសា អង់គ្លេស និង អេស្ព៉ាញ គាត់អាចនិយាយភាសា ឥណ្ឌូនេស៊ី បានល្អព្រោះគាត់បាន ចំណាយពេល ៤ឆ្នាំ នៅប្រទេសឥណ្ឌូនេស៊ី ពេលគាត់មានអាយុ ៦ ដល់ ១០ ឆ្នាំ 

Thursday, April 18, 2013

Posted by KIA007 On 9:24 PM

តើលទ្ធិប្រជាធិបតេយ្យជាអ្វី? 

លទ្ធិប្រជាធិបតេយ្យ គឺជាលទ្ធិគ្រប់គ្រងរដ្ឋដោយប្រជាពលរដ្ឋមានន័យថា រាស្រ្តជាម្ចាស់នៃអំណាច ឬ ម្ចាស់នៃ​ប្រទេសជាតិ។ លទ្ធិនេះត្រូវបានគេបែងចែក​អំណាច​របស់រដ្ឋ​ជាបី​ដាច់ពីគ្នា ដែល​មាន​តុល្យភាពលើការ ត្រួតពិនិត្យ​​គ្នាទៅវិញ​​ទៅមក​​រវាង​​អំណាច ទាំងបី​នោះ​ហើយ អំណាច​ទាំងបី​នោះ​រួមមាន៖

១. អំណាចនីតិបញ្ញត្តិ
២. អំណាចនីតិប្រតិបត្តិ
៣. អំណាចតុលាការ

 លទ្ធិប្រជាធិបតេយ្យមានគោលសម្ខាន់ ៨យ៉ាងគឺ៖

១. ប្រជាពលរដ្ឋទាំងអស់មានសិទ្ធិស្មើគ្នា ចំពោះមុខច្បាប់និងការអប់រំ
២. ប្រជាពលរដ្ឋ មានសេរីភាពក្នុងការនិយាយស្ដី បង្កើតសហគមន៍ និងមានសិទ្ធិពេញទីខាង ជំនឿ និងសាសនា
៣. ប្រជាពលរដ្ឋមានសិទ្ធិរួមប្រជុំ ធ្វើបាតុកម្ម ឬ ញត្តិដោយសន្តិវិធី
៤. ប្រជាពលរដ្ឋមានសេរីភាពក្នុងការបញ្ចេញមតិ យោលបល់របស់ខ្លួន សេរីភាពខាងសារព័ត៌មាន និង​សេរីភាព​ខាង​ការ​បោះពុម្ពផ្សាយ
៥. ការគ្រប់គ្រង ត្រូវផ្អែកតាមច្បាប់ដែលយកទៅអនុវត្តលើប្រជាពលរដ្ឋ រដ្ឋាភិបាល និងស្ថាប័នរដ្ឋ
៦. សភា និង រដ្ឋាភិបាលត្រូវកើតឡើងដោយការបោះឆ្នោតទៀងទាត់តាមកាលកំណត់។ ការបោះឆ្នោតម្ដងៗ​ត្រូវមាន​ពហុ​គណបក្ស​នយោបាយ​ចូលរួម​ហើយ​​បោះឆ្នោត​ដោយសេរី ត្រឹមត្រូវ យុត្តិធម៌​និង​​ជាសំងាត់
៧. ប្រជាពលរដ្ឋទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងឈរឈ្មោះជាតំណាងរាស្ត្រ
៨. អំណាចតុលាការត្រូវតែឯករាជ្យ ពោលគឺជំរះក្តីឬកាត់ក្តីដោយយុត្តិធម៌។

ដូចនេះលុះត្រាតែមានកត្តាទាំងអស់ខាងលើ មិនអាចខ្លះមួយណាបានទើបអាចទទួលបានថា ជា​លទ្ធិ​ប្រជា​ធិបតេយ្យ​ដែល​ពេញបរិបូរណ៍។

Saturday, April 13, 2013

Posted by KIA007 On 3:38 AM
ប្រភព​រូបភាព

មនុស្សគ្រប់ជាតិសាសន៍ តែងប្រារព្ធពិធីចូលឆ្នាំថ្មី​ដែលជា​ប្រពៃណី​របស់ប្រជាជាតិរៀងៗ ខ្លួន។ គ្រាន់តែ​គេនិយម​កំណត់​ពេលវេលានៃ ការរៀប​ចំបុណ្យ​នេះបែ្លកៗ​គ្នា​ស្រប​ទៅតាម ជំនឿ​ទំនៀម​ទម្លាប់​ និងប្រពៃណី​របស់​គេប៉ុណ្ណោះ។ ជនជាតិខ្មែរយើង ក៏មាន​ប្រវត្តិ​ធ្វើ​​បុណ្យចូល​ឆ្នាំ​តាំងពី​បុរាណ​​កាល​ជា​​រៀងរាល់ឆ្នាំ រហូតមក ។ យើងបានប្រទះ ឃើញឯកសារជាច្រើន ដែល​និយាយ​ពី​ពិធី​បុណ្យ​ចូលឆ្នាំ​និង​ឧស្សាហ៍ បានស្តាប់​​ការនិទានរឿង​របស់ចាស់ទុំ​ជាច្រើន។


ប្រវត្តិ


មានតំណាលថា នៅដើមនៃភទ្ទកប្បមាន សេដ្ឋីម្នាក់ មានបុត្រមួយ ឈ្មោះធម្មបាលកុមារ ជា​អ្នកមាន​​ចំណេះវិជ្ជាដ៏វិសេស បានរៀនចេះចប់គម្ពីរត្រីវេទ តាំងពីអាយុបាន ៧ ឆ្នាំ ។ សេដ្ឋីបិតា​បាន​សាង​ប្រាសាទឲ្យ ធម្មបាលកុមារ នៅទៀបដើមជ្រៃមួយធំ នៅឆ្នេរទន្លេ ដែលជាទីស្នាក់អាស្រ័យ នៃបក្សីទាំងឡាយ ។ ធម្មបាលកុមារ ចេះទាំងភាសាបក្សី ទាំងពួងផង ព្រមទាំង​អាចធ្វើជា​អាចារ្យ​សម្ដែង​មង្គលផេ្សងៗ ដល់មនុស្សទាំងពួងផង។ គ្រានោះ មនុស្សលោករមែងរាប់អានមហាព្រហ្ម និង កបិលមហាព្រហ្ម ១ អង្គទៀតដែលជាអ្នកសម្ដែងមង្គលដល់មនុស្សទាំងពួង ។ ពេលនោះ កបិលមហាព្រហ្ម បានជ្រាបព័ត៌‌មានក៏ចុះមកសួរបញ្ហា នឹងធម្មបាលកុមារ ចំនួន ៣ ប្រស្នា ដោយ​សន្យាថា ប្រសិនបើ ធម្មបាលកុមារ អាចដោះប្រស្នាបាន កបិលមហាព្រហ្ម នឹងកាត់​ព្រះសិរ​សាទ្រង់​ដើម្បី បូជាចំពោះធម្មបាលកុមារ ប៉ុន្តែប្រសិនបើ ធម្មបាលកុមារ​មិនអាច​ដោះស្រាយ​ប្រស្នា​នោះរួច កបិលមហាព្រហ្មនឹងកាត់ក្បាលធម្មបាលកុមារវិញ ។ ធម្មបាល​កុមារសុំឲ្យ​ពន្យារពេល​ចំនួន ៧ ថ្ងៃសិនដើម្បីគិតប្រស្នា។ លុះកន្លងទៅ ៦ ថ្ងៃហើយ​ក៏​ធម្មបាល​កុមារ​នៅ​តែ​គិត​មិនឃើញ​ និង​ដឹង​ខ្លួនថា​ព្រឹកនេះ​នឹងត្រូវ​ស្លាប់​ដោយ​អាជ្ញា​​កបិល​មហា​ព្រហ្មជា ប្រាកដ ។ ដូច្នេះ គួរតែរត់ ទៅលាក់ខ្លួន ពួនអាត្មា​ឲ្យស្លាប់​ដោយខ្លួន​ឯងប្រសើរជាង ។ ទើប​​ធម្មបាល​​កុមារ​​ចុះ​ពី​​ប្រាសាទ​​ទៅ​ដេកពួន​​នៅក្រោមដើម​ត្នោតមួយគូ ។

នៅលើដើមត្នោតនោះ មានសត្វឥន្ទ្រីញីឈ្មោលធ្វើសំបុក អាស្រ័យ​នៅ ។ វេលាយប់ សត្វឥន្ទ្រីញីសួរសត្វឥន្ទ្រីឈ្មោលថា ព្រឹកនេះ​យើងបាន​អាហារ​អ្វីធ្វើ​ជា​ចំណី? ឥន្ទ្រីឈ្មោលឆ្លើយថា យើងនឹងស៊ីសាច់ធម្មបាលកុមារ ដែល​នឹង​ត្រូវ​កបិល​មហាព្រហ្ម​សម្លាប់ ព្រោះធម្មបាល​​កុមារដោះប្រស្នាមិនរួច ។ ឥន្ទ្រីញីសួរថា ប្រស្នានោះដូចម្ដេច ? ឥន្ទ្រី​ឈ្មោល​ឆ្លើយថា​ : វេលាព្រឹកសិរីសួស្ដីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅលើផ្ទៃមុខ ។ ហេតុនេះ​ទើប​មនុស្ស​ទាំងឡាយត្រូវយកទឹកលប់មុខ ។ ប្រស្នាទី ២ ចោទថា ថ្ងៃត្រង់សិរីស្ថិតនៅត្រង់ណា ? ត្រូវ​ឆ្លើយថា នៅលើទ្រូង ។ ហេតុនោះទើបមនុស្សត្រូវយកទឹកលាងទ្រូង ។ ប្រស្នាទី ៣ ចោទថា វេលា​ល្ងាចសិរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅនឹងជើង ។ ហេតុនោះ ទើប​មនុស្ស​ទាំងឡាយ​ត្រូវយក​ទឹកលាងជើង ។ ធម្មបាលកុមារបានឮដូច្នេះ ក៏ត្រឡប់ទៅប្រាសាទវិញ ។

លុះព្រឹកឡើង កបិលមហាព្រហ្ម ក៏មកសួរប្រស្នា ធម្មបាលកុមារ ។ ធម្មបាលកុមារ ឆ្លើយដោះស្រាយ តាម​ដែល​បាន​ឮមក ។ កបិលមហាព្រហ្ម ក៏ទទួលថាពិតជាត្រឹមត្រូវ, ព្រមចុះចាញ់ និង សុខចិត្ត​ធ្វើតាម​ពាក្យសន្យា​របស់ខ្លួន ។ កបិលមហាព្រហ្ម ហៅទេពធីតាទាំង ៧ អង្គ ដែលជា បាទបរិចាវិកា ព្រះឥន្ទ្រ មកប្រាប់ថា ឥឡូវបិតា​ត្រូវកាត់​ព្រះសិរសា​ដើម្បីបូជា​ចំពោះ​ធម្មបាលកុមារ តែបើ​ដាក់ក្បាល​នោះលើផែនដី នោះនឹងកើតជាភ្លើងឆេះទាំងលោកធាតុ បើ​បោះ​ទៅ​លើអាកាស នឹងនាំឲ្យរាំងភ្លៀង បើចោលក្នុងមហាសមុទ្រ នោះទឹកនឹងរីងស្ងួតហួតអស់ ។ ដូច្នេះ​សូមឲ្យកូនទាំង ៧ អង្គ យកពានមកទទួលព្រះសិរសាបិតា ។ ពោលរួច ព្រះអង្គ​ក៏កាត់​ព្រះសិរសា​​ហុចទៅ​​ឲ្យ​​ព្រះនាង ទុង្ស ជាកូនច្បង ។ ព្រះនាង ទុង្ស ក៏បានយក​ពានមក​ទទួល​ព្រះសិរសា​បិតា រួចហែ​​ប្រទក្សិណ​​ភ្នំព្រះសុមេរុ ៦០ នាទី​ទើបយាង​ទៅប្រតិស្ឋានទុក ក្នុង​មណ្ឌ​លេះ​នៅ​ក្នុង​គុហាគន្ធមាលី នាភ្នំកៃលាស និងបូជាគ្រឿងទិព្វផេ្សងៗ ។ ព្រះវិស្សកម្មទេវបុត្រ ក៏និមិត្តរោងទិព្វធ្វើពីកែវ ៧ ប្រការ ឈ្មោះថា "ភគវតីសភាសាលា" ឲ្យជាទីប្រជុំនៃទេវតា ។ លុះដល់គម្រប់ ១ឆ្នាំជា សង្ក្រាន្តត នាងទេពធីតា​ទាំង ៧ អង្គ ក៏ផ្លាស់វេនគ្នា មកអញ្ជើញ ព្រះសិរសាកបិលមហាព្រហ្ម ចេញ​មកហែ​ប្រទក្សិណ ភ្នំព្រះសុមេរុជារៀងរាល់ៗឆ្នាំ រួចហើយ​យាង​ត្រឡប់​​ទៅស្ថាន​ទេវ​លោក​ដើម្បី​តម្កល់​វិញ។​

Thursday, April 4, 2013

Posted by KIA007 On 10:59 PM

 
ប្រភពរូបភាព

វិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជាចែកចេញជា៥ផ្នែកគឺ៖ 


១. ទេសចរណ៍វប្បធម៌ៈ ការធ្វើដំណើរកំសាន្តតាមតំបន់ ដែលមានប្រាសាទបុរាណ វត្តអារាម ទីកន្លែងសក្ការៈបូជា ប្រពៃណីទំនៀមទំលាប់ ល្បែងប្រជាប្រិយរបាំប្រជាប្រិយ និងសំលៀកបំពាក់ជាដើម។

២. ទេសចរណ៍ធម្មជាតិៈ ការធ្វើដំណើរកំសាន្តតាមតំបន់ដែលមានសម្រស់ធម្មជាតិទូទៅ បរិស្ថាន តំបន់ដែលបានការពារសត្វព្រៃ មច្ឆាជាតិ និង របៀបគ្រប់គ្រងការរស់នៅ ជំនឿ ប្រពៃណីទំនៀមទំលាប់ និងជនជាតិភាគតិច។

៣. ទេសចរណ៍អរូបិយៈ ធ្វើដំណើរកំសាន្តដែលទាក់ទងទៅនឹងសាសនា ជំនឿ (ការគោរពអ្នកតា ភាពអស្ចារ្យជាដើម)។

៤. ទេសចរណ៍កែច្នៃៈ ធ្វើដំណើរកំសាន្តតាមតំបន់ដែលបានប្រែក្លាយទៅជារមណីដ្ឋាន កន្លែងកំសាន្ត មជ្ឈមណ្ឌលកីឡា និងកន្លែងមានពន្លឺ ព្រះអាទិត្យគ្រប់គ្រាន់ ដូចជាឆ្នេរសមុទ្រ...។

៥. ទេសចរណ៍ជំនួញៈ ធ្វើដំណើរកំសាន្តលំហែរបស់អ្នកបណ្ដាក់ទុន ដើម្បីស្វែងរកទីតាំងសម្រាប់វិនិយោគ បញ្ហានេះទាក់ទងនឹងវិស័យឧស្សាហកម្មទេសចរណ៍។

Monday, March 18, 2013

Posted by KIA007 On 8:47 AM

ប្រជាប្រិយភាពរបស់លោក ស៊ីន ស៊ីសាមុត ​​មិនបាន​ធ្វើឱ្យចុះទន់ខ្សោយ​កិត្តិនាមរបស់អ្នកចម្រៀង​ដទៃ​ទៀតដូចជា លោក អ៊ឹម សុងសឺម និង អ្នកស្រី ហួយ មាស ដែលច្រៀងឱ្យវិទ្យុជាតិ​នាសម័យ​នោះ​ទេ។ លោក មាស ហុកសេង អ្នកសិល្បៈចម្រៀងនៅមហាវិទ្យាល័យវិចិត្រសិល្បៈភ្នំពេញ​(សាលារចនា)​ មានកិត្តិនាមល្បីតាមរយៈបទ លលកញីឈ្មោល នៅឆ្នាំ ១៩៦៦។ កិត្តិស័ព្ទរបស់​តារា​ចម្រៀងល្បីៗទាំងនេះបានដោយសារទឹកដៃនិពន្ឋរបស់កវី ម៉ា ឡៅពី ដែលបាននិពន្ឋបទល្បីៗ​ដូចជា ដៃសមុទ្រត្រពាំងរូង និង បទលលកញីឈ្មោល ជាដើម។ លោក ម៉ា ឡៅពី បានលា​ចាក​លោក​​​​នៅរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក។ លោក អ៊ឹម សុងសឺម ច្រើនតែច្រៀងនិងមិនសូវនិពន្ឋ​បទភ្លេងទេ។ បទចម្រៀងល្បីរបស់លោកគឺបទ កោះត្រល់ ដែលបានថតនៅឆ្នាំ ១៩៦៣ នៅតែ​ដក់​ជាប់​ក្នុងដួងចិត្តខ្មែរគ្រប់រូប ដែលសោកស្តាយការបាត់បង់កោះត្រល់ទៅវៀតណាម។ លោក អ៊ឹម សុងសឺម និងអ្នកស្រី ហួយ មាស តែងតែទៅតាម ព្រះបាទនរោត្តម សីហនុ ពេលទ្រង់ចុះ​ទៅ​ទស្សន​កិច្ច​តាមខេត្ត ដើម្បីច្រៀងបទចម្រៀងប្រជាប្រិយ មានរាំវង់ជាដើមសម្រាប់​កំដរបងប្អូន​ប្រជាពលរដ្ឋ ដែលទៅទទួលស្វាគមន៍ព្រះប្រមុខរដ្ឋ។ លោក សុះ ម៉ាត់ ក៏ជាអ្នកចម្រៀងល្បី​នា​សម័យ​នោះដែរ តាមរយៈបទ អាកាសយាន។ អ្នកគាំទ្រលោក សុះ ម៉ាត់ ភាគច្រើន​ជាអ្នកដែលមិន​និយមបទថ្មីៗរបស់លោក ស៊ីន ស៊ីសាមុត ដែលចេញក្រោយ។

ស្ថានភាពសិល្បៈតន្ត្រី​នៅទសវត្សរ៍​៦០​

នៅឆ្នាំ ១៩៦៣ លោក ស៊ីន ស៊ីសាមុត ចាប់ផ្តើមថត​ចម្រៀង​អោយផលិត​កម្មវត្តភ្នំ។ បទចំប៉ា​បាត់​ដំបង​ បានឆក់យក​បេះដូង​អ្នកស្តាប់​នៅទូទាំង​ប្រទេស។ នៅក្នុង​បទសម្ភាសន៍​មួយរៀបចំឡើង​នៅឆ្នាំ ១៩៧១ ដោយទូរទស្សន៍សាធារណរដ្ឋ អ្នកសម្ភាសន៍លោកបាន​រំលឹកឡើងថា បទចំប៉ា​បាត់ដំបង នេះជាប​ទ​ដំបូងគេបង្អស់​ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នេះ ដើម្បីអបអរសាទរ​ពិធីសម្ភោធស្ថានីយ៍របស់ខ្លួននៅឆ្នាំ១៩៦៥។

កិត្តិស័ព្ទរបស់លោកឡើងដល់កំពូលនៅពាក់កណ្តាលទសវត្សរ៍៦០។ លោកបានចូលរួមថតបទ​ចម្រៀងថ្វាយ​ព្រះបាទនរោត្តមសីហនុ ដូចជា បទរាត្រីដែលបានជួបភ័ក្រ និង បទភ្នំពេញ។ នៅចុង​ទសវត្សរ៍៦០ និងដើមទសវត្សរ៍៧០ លោកចាប់ផ្តើម​ថតបទ​ចម្រៀង​ដាក់ក្នុងភាពយន្ត​ពេញនិយម​មួយចំនួន​នា​សម័យនោះ មាន រឿងអនអើយស្រីអន រឿងទិព្វសូដាច័ន្ទ និង រឿងថាវរីមាសបង។ ក្នុង រឿងពៅឈូកស ដឹកនាំថតដោយលោក ទា លឹមកាំង សំដែងដោយ លោក ជា យុតថន និង អ្នកស្រី ឌីសាវ៉េត, បទនាវាជីវិត របស់លោក ស៊ីន ស៊ីសាមុត កាន់តែធ្វើ​អោយផ្ទៃរឿង​កាន់តែ​កំសត់។ បទនាវាជីវិត បន្ទរឡើងនៅក្នុងឈុត ជា យុតថន ចេញទូកចាកចោលភរិយា (សំដែងដោយអ្នកស្រី ឌី សាវ៉េត)អោយនៅកណ្តោចកណ្តែង។

នៅក្នុងជីវិតសិល្បៈរបស់លោក លោកធ្លាប់​ថតបទ​ចំរៀងឆ្លងឆ្លើយ​ជាមួយ​អ្នកចម្រៀង​ស្រីជាច្រើន​មាន​ដូចជា អ្នកស្រី ម៉ៅ សារ៉េត អ្នកស្រី កែវ សិដ្ឋា អ្នកស្រី ឈុន វណ្ណា អ្នកស្រី ហួយមាស អ្នកស្រី រស់ សេរីសុទ្ឋា និង អ្នកស្រី ប៉ែន រ៉ន។ អ្នកស្រី ម៉ៅ សារ៉េត ជាអ្នកចំរៀង​ស្រី​ដែល​មាន​ឈ្មោះល្បី​ទូទាំងប្រទេស​ដំបូងគេ​ចាប់ពីកម្ពុជា​បានឯករាជ្យ។ បទចំរៀងល្បីរបស់អ្នកស្រីគឺ បទសំបុត្រ​ក្រោមខ្នើយ និងបទអោយអូនអស់ចិត្ត។ អ្នកស្រី ប៉ែន រ៉ន ចាប់ផ្តើមថតចំរៀងជាមួយលោក ស៊ីន ស៊ីសាមុត នៅឆ្នាំ ១៩៦៦។ អ្នកស្រី រស់ សេរីសុទ្ឋា ចាប់អាជីពសិល្បៈករនៅឆ្នាំ ១៩៦៧ ជាមួយ​នឹងបទស្ទឹងខៀវ។ សំលេងស្រួយ​ស្រេះរបស់​អ្នកស្រី​សក្តិសមឥត​ខ្ចោះជាមួយ​សំលេង​ធ្ងន់ក្រអួន​របស់លោក ស៊ីន ស៊ីសាមុត។

ទសវត្សរ៍៧០ 

ប្រជាប្រិយភាពរបស់លោក ស៊ីន ស៊ីសាមុត បាន​ធ្វើអោយ​លោក​មិនអាច​និពន្ឋ​បទភ្លេង​អោយទាន់​តំរូវការ​អ្នកគាំទ្រលោក។ ហេតុនេះគាត់ក៏ចាប់ផ្តើមយកបទរបស់កវីផ្សេងទៀតមកច្រៀង។ ដំបូង​គាត់ច្រៀង​បទនិពន្ឋរបស់ លោក ពៅ ស៊ីផូ លោក ស្វាយ សំអឿ លោក ម៉ា ឡៅពី លោក មែរ ប៊ុន (មិត្តស្និទ្ឋស្នាលរបស់លោក) និងលោក ហាស់ សាឡន។ ពីឆ្នាំ ១៩៧០ដល់ឆ្នាំ ១៩៧៥ ភាគច្រើន​គាត់ច្រៀងបទនិពន្ឋដោយលោកវ៉ោយហូរ។ ទោះជាគាត់ច្រៀងបទដែលនិពន្ឋដោយអ្នកដទៃ បទចំរៀង​របស់គាត់នៅតែមានប្រជាប្រិយភាព។ ព្រមជាមួយបទចំរៀងផ្ទាល់ខ្លួន លោកក៏បាន​យក​ទំនុកភ្លេងបរទេសមកច្រៀងជាខ្មែរដែរ។ ដូចជា បទឆ្នាំមុន និងបទស្នេហ៍ឆ្លងវេហា ដែលយកពីថៃ បទបងនៅតែចាំអូន តាមលំនាំបទ The House of the Rising Sun បទខ្ញុំស្រលាញ់ស្រីតូច លំនាំបទ Black Magic Woman។ ក្រៅពីនោះលោកតែងបទដោយខ្លួនឯង ដែលមាន​រឿងខ្លះ​ជារឿងផ្ទាល់​របស់​លោក មានបទខ្លះជារបស់មិត្តភក្តិ មកដំណាលប្រាប់លោកឱ្យលោកតែងឱ្យគេ ។ ហេតុនេះ​ហើយទើបរៀងរាល់ថៃ្ងតាំងពីព្រឹកព្រលឹមគឺ មានមនុស្សអង្គុយចាំលោកនៅមុខផ្ទះរួចជាស្រេច ដើម្បីសុំឱ្យលោកជួយតែងបទពីជីវិតឬពីការឈឺចាប់ណាមួយរបស់គេ ។ ចំពោះសំណូមពរនេះ លោកតែងដោះស្រាយឱ្យជាហូរហែដែរ ទើបបទរបស់លោកភាគច្រើនវាខ្លីមួយបទមែន តែវាបានឆ្លុះបញ្ចាំងឱ្យឃើញពីវិបត្តិមួយយ៉ាងធំ ពីព្រឹត្តិការណ៍​ធំណាមួយ​ឬ​ពីដំណើរជីវិត​របស់​មនុស្សម្នាក់​តាំងពីដើមរហូតដល់ចប់ ហើយពោរពេញ​ដោយ​មនោសញ្ចោត​នា​យ៉ាងជ្រាលជ្រៅ​ទៀតផង។

នៅក្រោយមកទៀត លោកស៊ីន ស៊ីសាមុតថតអាល់ប៊ុមអោយផលិតកម្មច័ន្ទឆាយា និងផលិតកម្​មហេងសេង។ លោកក៏សរសេរចំរៀងអោយផលិតកម្មភាពយន្តផ្សេងៗផងដែរ។ រហូតមកទល់​ឆ្នាំ១៩៧២ លោកបានលក់ចំរៀងជាង១ពាន់បទអោយផលិតកម្មនានា។ រហូត​ដល់​ការដួលរលំ​នៃសាធារណរដ្ឋខ្មែរនៅឆ្នាំ១៩៧៥ លោកបានថតចំរៀងប្រហែល១ពាន់បទទៀត។

បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១៨ មីនា ១៩៧០ លោកស៊ីន ស៊ីសាមុត​បានចាកចោល​វង្សភ្លេង​ព្រះរាជទ្រព្យ​ ទៅការិយាល័យទី៥នៃក្រសួងអគ្គសេនាធិការកងទ័ពជាតិសាធាណរដ្ឋខ្មែរ។ គាត់បានធ្វើការនៅការិយាល័យទី៥រយៈពេល១ឆ្នាំ រួចក៏ចូល​ក្នុងក្រុមតន្ត្រី​ក្រសួងក្នុង​ឋានៈ​ជា​អនុសេនីយ៍ទោ។ នៅមុនពេលខ្មែរក្រហមកាន់កាប់ លោកបានឡើងឋានៈដល់អនុសេនីយ៍ឯក។

នៅសម័យលន់នល់ គាត់ចាប់ផ្តើមច្រៀងចំរៀងឃោសនាអោយសាធារណរដ្ឋខ្មែរ។ នៅក្នុង​កម្មវិធី​ទូរទស្សន៍នៅឆ្នាំ១៩៧១ គាត់ច្រៀងបទគាំទ្ររបបសាធារណរដ្ឋ ក្នុងសំលៀកបំពាក់​យោធា​ដោយ​ពាក់មួកកន្តិបបិតបាំងថ្ងាសឆកបន្តិចរបស់លោក។ គាត់បាន​រៀបអាពាហ៍ពិពាហ៍​ជាថ្មីម្តងទៀត​ជាមួយអ្នករាំរបាំព្រះរាជទ្រព្យម្នាក់។ នៅពេលខ្មែរក្រហមវាយបានភ្នំពេញនៅខែមេសា ១៩៧៥ លោកត្រូវបានគេជន្លៀសចេញពីក្រុងជាមួយប្រជាពលរដ្ឋរាប់លានអ្នកទៀត។ គាត់ត្រូវ​ពួក​ខ្មែរក្រហម​សំលាប់បន្ទាប់ពីលោកថតបទចំរៀងអោយពួកវារួចហើយ។


អត្ថបទពី​ វិគីភីឌា

Friday, March 15, 2013

Posted by KIA007 On 9:26 PM

លោក​​ ស៊ីន​ ស៊ីសាមុត​(១៩៣២-១៩៧៦) 

គឺជាអ្នកនិពន្ធបទចំរៀង និង ជាអ្នកចំរៀងខ្មែរ ដ៏ល្បីល្បាញ នាអំលុងទសវត្សរ៍ឆ្នាំ ៥០ ដល់ ៧០។ គាត់មានរហស្សនាមថាជា អធិរាជសំលេងមាស។ លោក ស៊ីន ស៊ីសាមុត ទទួល​មរណភាព​ក្នុង​របបប្រល័យ​ពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៧៦។ ភាពល្បីល្បាញ​របស់​លោក​ ស៊ីន ស៊ីសាមុត បានពីទឹកដមសំលេងដ៏ក្រអួនក្រអៅ ពីរោះរណ្ដំចិត្ត គួបផ្សំ​និង ​បទចំរៀង​មនោសញ្ចេតនា គ្រប់រសជាតិ លន្លង់លន្លោច សប្បាយ កំសត់ ខ្លោចផ្សា -ល- ដែលជា​ស្នាដៃ​និពន្ធ​ផ្ទាល់​របស់លោក និងអ្នកនិពន្ធដទៃ ក្នុងជំនាន់លោក។

កុមារភាព


លោក ស៊ីន ស៊ីសាមុត ចាប់កំណើតនៅថ្ងៃ២៣ សីហា ១៩៣២ នៅខេត្តស្ទឹងត្រែង។ លោកជា​កូនប្រុសពៅនៃបណ្ដាបងប្អូន៤នាក់ (ប្រុស២ ស្រី២) របស់ លោក ស៊ីន លាង និងអ្នកស្រី ស៊ីប ប៊ុនលឿ ដែលជាកូនកាត់ឡាវ-ចិន។ លោកឪពុក​របស់លោក​ជាឆ្មាំយាមពន្ឋនាគារ​នៅ​ខេត្ត​បាត់ដំបង​និងជា ទាហានបដិវដ្តន៍ប្រឆាំងអាណានិគមបារាំង។ លោកឪពុក របស់​លោក​បាន​លាចាក​លោកដោយជំងឺ ហើយម្តាយរបស់លោកក៏រៀបការម្តងទៀត ដែលអាពាហ៍ពិពាហ៍​ក្រោយនេះបន្សល់ទុកនូវកូន២នាក់ទៀត។ លោក ស៊ីន ស៊ីសាមុត បានចូលរៀន​នៅសាលា​បឋមសិក្សា​ទីរួមខេត្តស្ទឹងត្រែងពេលអាយុ៥ឆ្នាំ។ លោកជាក្មេងល្អ និង ទទួលបាន​ការស្រឡាញ់​ចូលចិត្តពីគ្រូនិងមិត្តរួមថ្នាក់។

លោកមាននិស្ស័យជាមួយសិល្បៈតាំងពីអាយុ ៦ឬ៧ឆ្នាំដោយចូលចិត្តកូតទ្រ ដេញហ្គីតា និងចាប៉ី។ ជាញឹកញាប់លោក ត្រូវបានសាលាសុំ អោយលេង ហ្គីតាក្នុងពិធីបុណ្យផ្សេងៗ នៅសាលា។ កាលពីកុមារ លោកជាក្មេងសុភាព ស្រគត់ស្រគំ ចិត្តល្អ និងចេះអាណិតអាសូរអ្នកដទៃ។ គេនិយាយថា លោកនិយាយ​ ទៅកាន់មនុស្សគ្រប់គ្នា ដោយសំដី ទន់ភ្លន់ និង ផ្អែមល្ហែម។ លោកតែងទៅ លេង​វត្តនៅ​ក្បែរផ្ទះជាញឹកញាប់ ​និង បាននិយាយ​លេង ជាមួយ​ព្រះសង្ឃ​ នាពេល​ទំនេរ។​ លោកមាននិស្ស័យ នឹងព្រះពុទ្ឋសាសានា ដោយលោក​បាន សុំរៀន​ភាសាបាលី ពីភិក្ខុ​មួយអង្គ​។ លោកចូលចិត្តអានសៀវភៅ ទាត់បាល់ និង បង្ហោះខ្លែង។ ចំពោះការបរិភោគ​ចូលចិត្តញ៉ាំ​តែម្ហូបគោក មានសាច់ មិនចូលចិត្តញ៉ាំបន្លែទេ ។ ពងទាចៀន​ជាម្ហូបដែលគាត់​ចូលចិត្ត​ញ៉ាំជាប្រចាំ ។ លោកបញ្ចប់​ការសិក្សា​ចំណេះទូទៅនៅឆ្នាំ ១៩៥១ ហើយក៏បាន​បន្តការសិក្សា​នៅសាលា​វេជ្ជសាស្ត្រ​នៅភ្នំពេញ ដោយ​ស្នាក់នៅជាមួយ ឪពុកមា របស់លោក។

 ទោះជាមមាញឹក នឹងកិច្ចការរៀនសូត្រ នៅសាលាវេជ្ជសាស្ត្រ យ៉ាងណាក៏ដោយ លោក​នៅអាច​ឆ្លៀត​ពេលទំនេរដើម្បីរៀនច្រៀង និងនិពន្ឋបទភ្លេងដែរ។ ក្នុងកំលុងពេលនោះ គាត់កំរ​ចេញទៅ​ដើរលេងខាងក្រៅណាស់ ដោយសារប្រាក់ឧបត្ថម្ភពីម្តាយឪពុកលោកគ្រប់គ្រាន់ ល្មមសំរាប់​ចាយវាយ​ក្នុងការសិក្សាប៉ុណ្ណោះ។ ហេតុនេះ លោកតែង​ចំនាយពេល​ទំនេររបស់លោក​សំរាប់​សិក្សា​បទភ្លេងនិងហាត់ច្រៀង។ ដោយមានការគាំទ្រ ពីមិត្តភក្ដិ​ដូចកាលពីនៅបឋមសិក្សាដែរនោះ លោកចាប់ផ្តើមល្បី នៅសាលារបស់លោក ថាជាអ្នកមានទេពកោសល្យខាង តន្ត្រីនិងចម្រៀង ហើយលោក ត្រូវបានគេសុំ អោយច្រៀងនៅរាល់ កម្មវិធីរបស់សាលា ។ នៅឆ្នាំដដែលនោះ លោកបានបង្កើត ក្រុមតន្ត្រីមួយឈ្មោះ ព្រះច័ន្ទរស្មី ដែលមានសមាជិក ៩នាក់។ មិនយូរប៉ុន្មាន​ក្រោយមក ក្រុមតន្ត្រីរបស់លោក ទទួលបានការគាំទ្រ ពេញនិយមពីសំណាក់ ប្រជាពលរដ្ឋ​ក្រុងភ្នំពេញ​។ ដោយមានភាពល្បីល្បាញនេះ នៅដើមឆ្នាំ១៩៥៣ ក្រុមតន្ត្រី​របស់លោក ​ត្រូវបាន​វិទ្យុជាតិ​អញ្ជើញអោយចូលប្រគុំ រួមជាមួយក្រុមតន្ត្រីវិទ្យុជាតិឈ្មោះ រាជសីហ៍។ ពេល​កិត្តស័ព្ទ​របស់លោក​ចាប់ផ្ដើមល្បី ពាសពេញភ្នំពេញ លោកក្លាយជា អ្នកចំរៀង ពាក់កណ្ដាលអាជីព ដោយជារឿយៗលោកតែងចេញច្រៀងតាមវិទ្យុនិងពិធីមង្គលការផ្សេងៗ។ ជាអកុសល ម្តាយឪពុក​របស់លោកមិន សប្បាយចិត្តនឹងឮលោកច្រៀងតាមវិទ្យុទេ។ ពូកគាត់ចង់អោយ​លោកក្លាយ​ជាវេជ្ជបណ្ឌិត និងបារម្ភថាចំម្រៀងនឹងរំខានដល់ ការសិក្សារបស់លោក។ ប៉ុន្តែ វាសនាបានចារថា ស៊ីន ស៊ីសាមុតត្រូវតែក្លាយជាអ្នកចំម្រៀង ទោះជាមានការជំទាស់ពីគ្រួសារក៏ដោយ។

អាជីពជាសិល្បករ


ពេលដែលកម្ពុជាបានទទួលឯករាជ្យបរិបូរណ៍ពីបារាំងនៅឆ្នាំ ១៩៥៣ លោក​ចាប់ផ្តើម​អាជីព​ជា​សិល្បករ​របស់​លោក ដោយក្លាយ​ជាអ្នកចំរៀងប្រចាំអោយ ស្ថានីយ៍វិទ្យុជាតិ។ គាត់បន្​តការសិក្សា​វេជ្ជសាស្ត្ររហូត​ដល់ចប់ និងចូលបំរើការងារនៅ មន្ទីរពេទ្យព្រះកេតុមាលា។ លោក ស៊ីន ស៊ីសាមុត​និពន្ឋ​បទភ្លេង​ដោយប្រើម៉ង់ដូលីន។ បទចំរៀងរបស់លោកជាទូទៅ មានលក្ខណៈមនោសញ្ចេតនា លន្លង់លន្លោច ដោយឆ្លុះបញ្ចាំងអំពីស្នេហាសុភមង្គល ឈឺចាប់ និងស្រមើស្រមៃ។ ទេពកោសល្យ​សិល្បៈ របស់លោក បានដោយការព្យាយាម ដុសខាត់ ទេពកោសល្យ ពីកំនើត​ របស់លោក។ មានគេនិយាយថា គាត់បានប្រើប្រាស់វចនានុក្រម ដល់ទៅ៣ ដោយគ្រាន់​តែចង់មើល​តើពាក្យមួយ​សរសេរត្រឹមត្រូវឬអត់ ក្នុងភាសាខ្មែរ សំស្ក្រឹត និងបាលី។

ចម្រៀងភាគ​ច្រើនរបស់លោក​ផ្អែកលើ​ជីវិតពិតនិងអារម្មណ៍របស់អ្នកស្ដាប់។ មិត្តអ្នកស្ដាប់​តែងតែ​យករឿងរ៉ាវផ្ទាល់ខ្លួនគេ មានទាំងស្នេហានិងការបាត់បង់ សប្បាយនិងឈឺចាប់ សំរាប់​ឲ្យលោក​ស៊ីន ស៊ីសាមុត ​និពន្ធចម្រៀង ដោយផ្អែកលើរឿងពិតនេះ។ ហេតុនេះ ​អត្ថន័យក្នុង​ចម្រៀង​របស់​លោក​ ​ភាគច្រើនជារឿងពិតរបស់មិត្តអ្នកស្ដាប់របស់លោក។ ពេលដែលលោកច្រៀង គ្រប់ពាក្យ​គ្រប់ម៉ាត់ គឺច្បាស់ៗមួយៗ។ លោកតែងប្រយ័ត្ន ​ក្នុងការបញ្ចេញសំលេង ​អោយត្រឹមត្រូវ ​តាមការ​សរសេរ ដោយមិនប្រើសំនៀងក្នុងភាសានិយាយទេ។ សំនៀងដ៏ក្រអួនមានទឹកដម ហើយអាច​បត់បែន​កាច់កុងតាមតែលោកចង់បាន មិនភ្លាត់មិនភ្លាវ​ហើយខ្យល់សំនៀង​ដាក់ត្រូវតាម​អត្ថន័យ​បទនីមួយៗប្លែកៗគ្នាទៀតផង ។ ចំណុចលេចធ្លោមួយទៀតនៃសំនៀងរបស់លោកគឺណែន ពីរោះ ច្បាស់ គ្មានបន្លំ គ្មាន​លួចបំភ័ន្​តអ្នកស្តាប់មួយពាក្យ ឬមួយឃ្លាណាឡើយ ។ សូរស័ព្ទសំនៀង ដែល​លោកបន្លឺពេញ ​ចំជាពាក្យខ្មែរ ​ត្រូវតាមអក្ខរាវិរុទ្ធ ហើយអឺនសំឡេង​ទៀតសោត ​​ទោះជាដាក់​ទាបឬលើកខ្ពស់ ក៏លោករក្សា​បាននូវ កម្រិតសំឡេងដដែល ហាក់គ្មានប្រឹងបង្ខំបន្តិចណាឡើយ ។ 

ដោយសារ​សំឡេងទន់ត្រជាក់​ណែនក្រអួនរបស់លោក ស៊ីន ស៊ីសាមុត កាន់តែពីរោះ​ឈ្មោះ​របស់​លោក​បានកាន់តែ លេចត្រដែតក្នុងចំណោមមហាជន ទើបនៅដើមទសវត្សរ៍៥០ លោកបាន​ត្រូវ​ម្ចាស់ក្សត្រី កុសុមៈនារីរ័ត្ន សព្វព្រះរាជហឫទ័យអនុញ្ញាត អោយលោកចូលក្នុងវង់ភ្លេងព្រះរាជទ្រព្យ ដែលក្នុងនោះមានលោក សុះ ម៉ាត់ដែរ ដើម្បីសំដែងក្នុងពិធីគារវកិច្ច ក៏ដូចជា​លៀងសាយភោជន៍​ផ្សេងៗ។ លោកស្ថិតនៅក្នុងវង្សភ្លេង នេះរហូតដល់ឆ្នាំ១៩៧០។ ក្រៅពីចម្រៀងសម័យ លោកក៏​ច្រៀង​ចម្រៀងបុរាណ និង​ ប្រពៃណីដែរដូចជា បទសកវាទិ៍ បទមហោរី អាយ៉ៃ ចាប៉ី យីកេ និង​បាសាក់​ផងដែរ។

នៅពាក់កណ្ដាល ទសវត្សរ៍ឆ្នាំ៥០ បទវីយូឡុងស្នេហា ដែលនិពន្ឋដោយតន្រ្តីករវីយូឡុង ហាស់​សាឡន​ បានជំរុញកិត្តិស័ព្ទលោក ស៊ីន ស៊ីសាមុត អោយកាន់តែល្បីរន្ទឺ។ បទចំរៀងល្បីៗ​របស់ លោក​ ស៊ិន ស៊ីសាមុត នៅសម័យនោះមាន បទស្រីស្រស់ក្មេង បទអនុស្សាវរីយ៍ភ្នំក្រវាញ បទចុងស្រល់ បទថ្ងៃដប់ពីរធ្នូ បទកាកី បទកង្រី បទថ្ងៃមួយកក្កដា បទសំរស់ឆ្នេរកែប បទស្ទឹងពោធិ៍សាត់ និង បទព្រែកឯងអស់សង្ឃឹម ជាដើម។

ស្នេហា អាពាហ៍ពិពាហ៍និងគ្រួសារ


លោកស៊ីន ស៊ីសាមុត មិនដែល​មានទំនាក់ទំនង​ស្នេហាអោយបានច្បាស់លាស់​ជាមួយអ្នកណាទេ​។​ ដោយសារតែលោកមានមហិច្ចតាខ្ពស់និងបូជាខ្លួនសំរាប់ចំរៀង ហេតុនេះ​លោកមិនមាន​ពេល​សំរាប់​មានស្នេហាផ្អែមល្អែមទេ។ ទំនាក់ទំនងរបស់លោកជាមួយស្រីៗ ទំនងជា​គ្រាន់តែត្រឹម​ជាមិត្ត​ជា​ជាងស្នេហា។ 

លោកស៊ីន ស៊ីសាមុតរៀបអាពាហ៍ពិពាហ៍២ដង។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រ លោក រៀបអាពាហ៍ពិពាហ៍ ជាមួយអ្នកស្រី ខាវ ថងញ៉ុត ដែលជាបងប្អូនជីជូនមួយជាមួយលោក តាមការចាត់ចែងរបស់មេបា។ ពួកលោកមានបុត្រាបុត្រី៤នាក់។ បន្ទាប់ពីសម័យខ្មែរក្រហម មាន​តែ​កូនស្រីម្នាក់និងកូនប្រុសម្នាក់ទេដែលរស់រានមានជីវិត។ ជីវិតគ្រួសារ​របស់លោក​ចាប់មាន​ភាព​រកាំរកូតដោយសារ សំពាធពីអាជីពនិងកេរ្តិ៍ឈ្មោះរបស់លោក។ ភរិយារបស់​លោកបាន​ចាកចោល​លោកទៅបួសជាដូនជី ពេលលោកស្រីមានអាយុ៣០ឆ្នាំ។ 

ទោះបីជាលោក ស៊ីន ស៊ីសាមុត មានទេពកោសល្យនិងធ្វើការខ្លាំងផ្នែកចំរៀងនិងតន្ត្រីក៏ដោយ ប្រាក់ចំនូល​របស់លោកមានកំរិតមធ្យម បើប្រៀបធៀបនឹងអ្នកល្បីៗផ្សេងទៀត។ ទោះជាលោកជា​អ្នកចំរៀង​មានប្រជាប្រិយបំផុតនៅសម័យនោះក៏ដោយ ក៏លោកមិនអាចក្លាយជា​អ្នកមាន​មហា​សាល​​​ម្នាក់ដែរ។ លោកមានជីវភាពមធ្យម ដោយសារ​តែទេពកោសល្យ​និង​ការងារចម្រៀង​និង​តន្ត្រី​របស់លោកសុទ្ធសាធ គ្មានចំណូលអ្វីមកពីក្រៅទៀតទេ។ លុយកាក់របស់​លោកត្រូវបាន​ស្វះស្វែង​រក​ដោយសេចក្តីព្យាយាម និងសន្សំសំចៃរហូត​ដល់លោកសង់បានវីឡា​ធុនមធ្យមមួយ​នៅ​ទួលទំពូង​។ ប៉ុន្តែប្រាក់ចំនូលរបស់លោកអាចអោយលោកដូររថយន្តវ៉ុលវ៉ាហ្គិន (Volkswagen)​ពណ៌ខៀវផ្ទៃមេឃ យករថយន្តមែរសឺដែស (Mercedes 220D)ពណ៌ខៀវបាន។ 

ជាទូទៅ​ ជីវិតរបស់លោក គឺសាមញ្ញណាស់ ដោយចំនាយពេល​ ភាគច្រើន សំរាប់ធ្ វើការងារ។ ដោយសារ​តែប្រាក់ចំនូលបានពីសិល្បៈរបស់លោកមានកំរិតមធ្យម លោកបាន​ហាមប្រាម​កូនៗ​របស់​លោកមិនអោយចាប់អាជីពជាសិល្បៈករចំរៀងតន្ត្រីទេ។ លោកបាន​ពន្យល់ដល់កូនប្រុស​របស់លោក(ស៊ីន ច័ន្ទឆាយ៉ា)ថា អាជីពជាអ្នកចំរៀងគ្មានតំលៃទេ។ ទោះជាកូនៗ​របស់លោក​បង្ហាញ​​ទេពកោសល្យផ្នែកចំរៀងក៏ដោយ ក៏ស៊ីន ស៊ីសាមុត មិនដែលជួយលើក​ទឹកចិត្តឬជួយ​បង្ហាត់​បង្រៀនកូនៗ ពីសិល្បៈតន្ត្រីនិងចំរៀងដែរ។

មិត្តភក្តិនិងចំណង់ចំណូលចិត្ត

លោក ស៊ីន ស៊ីសាមុត ជាមនុស្សម៉ឺងម៉ាត់ក្នុងការងារ។ ក្នុងមុខជំនួញ​លោកជាមនុស្ស​ម៉ាត់ណា​ម៉ាត់ហ្នឺង គឺគោរពពាក្យសំដីនិងតែងផ្តល់នូវអ្វីដែលគាត់បានសន្យា។ ពេលវេលា ឬតម្លៃ​ដែលបាន​ព្រមព្រៀង​គ្នាប៉ុនណា ប៉ុន្មានគឺប៉ុណ្ណោះ ហើយមិនឱ្យលើស​មិនឱ្យយឺតឱ្យច្រើនជាង​ក៏មិនយក​ឱ្យតិចជាងក៏មិនព្រម។គាត់មិនសូវនិយាយស្តីនិងកំប្លែងលេងឥតប្រយោជន៍ទេ មិនថាចំពោះ​ភរិយា មិត្តភក្តិឬអ្នកមិនដែលស្គាល់គ្នាក៏ដោយ។ គេនិយាយថា​មានថ្ងៃខ្លះគាត់និយាយ​មិនដល់​១០ម៉ាត់​ផង​ក្នុង១ថ្ងៃ។ ពេលដែលគាត់គ្មានកម្មវិធីសំដែង គាត់តែងចាក់សោ​រខ្លួនឯងក្នុង​បន្ទប់សំងំ​សរសេរបទភ្លេង រហូតដល់មានញាតិញោមខ្លះប្រកាន់ថាលោកជាមនុស្សឆ្មើងឆ្មៃ ឬមិនសូវ​រាប់ញាតិ​។ តាមការពិតពេលវេលា​របស់លោកជាមាសប្រាក់ពិតៗ​ថ្វីបើមាសប្រាក់នោះចំពោះអ្នក​ដទៃគេមិនអាចធ្វើដូចលោកក៏ដោយ។ ក្នុងការត្រិះរិះឬក្នុងការសរសេរ លោកដាក់អារម្មណ៍​រហូត​ដល់​មិត្តភក្តិទៅឈរក្រោយខ្នងលោកយ៉ាងយូរ ទើបលោក​ផ្តាច់អារម្មណ៍​ចេញមកពីការងារ​មកសួរ​នាំបាន ។រៀងរាល់យប់ស្នូរម៉ុងដូលីនរាវរកបទរបស់លោក អូសបន្លាយ​រហូតដល់​ម៉ោង២ឬ៣​ទៀបភ្លឺ​ក៏មាន ​។ 

មិត្តភក្តិនៅដើមអាជីពរបស់លោកមានអ្នកស្រី ម៉ៅ សារ៉េត (ម្ចាស់បទមេឃខ្មៅងងឹត) អ្នកម្នាង សៀង ឌី និងលោក សុះ ម៉ាត់ ។ មិត្តជិតដិតបំផុតរបស់លោកមាន លោក មែរ ប៊ុន (អ្នកដែលលោកទុកចិត្តបំផុត) និងលោក ស៊ីវ ស៊ុន ។ គេនិយាយថាលោកស៊ីវ ស៊ុន ជាលេខា​របស់​លោក​ស៊ីន ស៊ីសាមុត។ លោក ស៊ីវ សុន មិនមែនជាអ្នកសិល្បៈទេ ប៉ុន្តែជាជំនួយ​ការក្នុងការ​ចាត់ចែង​​ការងារផ្សេងៗជូនលោកស៊ីន ស៊ីសាមុត។ 

លោក ស៊ីន ស៊ីសាមុត ចូលចិត្តល្បែង​ជល់មាន់​។ លោកថែមទាំង​បានចិញ្ចឹមមាន់​ជល់ដោយខ្លួន​លោក​ផង។ លោកតែងភ្នាល់​មាន់លេងជាមួយ​មិត្តភក្តិ​របស់លោក។ គាត់តែងហាត់​លើកទំងន់​រាល់ព្រឹក។ ចំនូលចិត្តផ្សេងទៀតរបស់លោកមាន អានសៀវភៅនៅបណ្ណាល័យ និងមើលកុន​បារាំង​​នៅរោងភាពយន្តលុច្ស​និងរោងភាពយន្តព្រហ្មបាយ័ន។ ពេលយប់ បន្ទាប់ពីការសំដែង លោក​តែងទៅហូបបបរជាមួយមិត្តភក្តិ។ គាត់មានកិច្ចសន្យាជាមួយភោជនីយដ្ឋាន៣នៅភ្នំពេញ ដោយ​ច្រៀង២ទៅ៣បទក្នុងកំរៃ ១៥០០រៀល។ គួរបញ្ជាក់​ដែរថាតំលៃគុយទាវ​នៅសម័យនោះ​មាន​តំលៃតែ ៥រៀលប៉ុណ្ណោះក្នុង១ចាន។ គាត់តែងទៅច្រៀងនៅរង្គសាលក្បាលថ្ម រង្គសាលនាគ​បាញ់ទឹក និងរង្គសាល១ទៀតនៅក្បែរក្រសួងមហាផ្ទៃ។ គាត់មិនមែនជាមនុស្សរើសម្ហូបទេ។ គាត់​ចូលចិត្តហូបម្ហូបឡាវ ដែលជាម្ហូបម្ដាយលោកធ្វើអោយហូបតាំងពីក្មេង។ ចំពោះម្ហូបខ្មែរ គាត់​ចូលចិត្ត​ប្រហុក និងផ្អកត្រី តែលោកមិនញ៉ាំផ្ទាល់ទេ។ គាត់មិនដែលទទួលទានស្រាឬភេសជ្ជៈ ម្ទេស ម្រេច និងបារីទេ ព្រោះរបស់ទាំងនេះប៉ះពាល់ដល់ទឹកដមសំលេងគាត់។

អត្ថបទដកស្រង់ពី វីគីភីឌា

អានអត្ថបទបន្តពីសិល្បៈចំរៀងសម័យលោក ស៊ីន ស៊ីសាមុត