លោក ស៊ីន ស៊ីសាមុត(១៩៣២-១៩៧៦)
គឺជាអ្នកនិពន្ធបទចំរៀង និង ជាអ្នកចំរៀងខ្មែរ ដ៏ល្បីល្បាញ នាអំលុងទសវត្សរ៍ឆ្នាំ ៥០ ដល់ ៧០។ គាត់មានរហស្សនាមថាជា អធិរាជសំលេងមាស។ លោក ស៊ីន ស៊ីសាមុត ទទួលមរណភាពក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៧៦។ ភាពល្បីល្បាញរបស់លោក ស៊ីន ស៊ីសាមុត បានពីទឹកដមសំលេងដ៏ក្រអួនក្រអៅ ពីរោះរណ្ដំចិត្ត គួបផ្សំនិង បទចំរៀងមនោសញ្ចេតនា គ្រប់រសជាតិ លន្លង់លន្លោច សប្បាយ កំសត់ ខ្លោចផ្សា -ល- ដែលជាស្នាដៃនិពន្ធផ្ទាល់របស់លោក និងអ្នកនិពន្ធដទៃ ក្នុងជំនាន់លោក។
កុមារភាព
លោក ស៊ីន ស៊ីសាមុត ចាប់កំណើតនៅថ្ងៃ២៣ សីហា ១៩៣២ នៅខេត្តស្ទឹងត្រែង។ លោកជាកូនប្រុសពៅនៃបណ្ដាបងប្អូន៤នាក់ (ប្រុស២ ស្រី២) របស់ លោក ស៊ីន លាង និងអ្នកស្រី ស៊ីប ប៊ុនលឿ ដែលជាកូនកាត់ឡាវ-ចិន។ លោកឪពុករបស់លោកជាឆ្មាំយាមពន្ឋនាគារនៅខេត្តបាត់ដំបងនិងជា ទាហានបដិវដ្តន៍ប្រឆាំងអាណានិគមបារាំង។ លោកឪពុក របស់លោកបានលាចាកលោកដោយជំងឺ ហើយម្តាយរបស់លោកក៏រៀបការម្តងទៀត ដែលអាពាហ៍ពិពាហ៍ក្រោយនេះបន្សល់ទុកនូវកូន២នាក់ទៀត។
លោក ស៊ីន ស៊ីសាមុត បានចូលរៀននៅសាលាបឋមសិក្សាទីរួមខេត្តស្ទឹងត្រែងពេលអាយុ៥ឆ្នាំ។ លោកជាក្មេងល្អ និង ទទួលបានការស្រឡាញ់ចូលចិត្តពីគ្រូនិងមិត្តរួមថ្នាក់។
លោកមាននិស្ស័យជាមួយសិល្បៈតាំងពីអាយុ ៦ឬ៧ឆ្នាំដោយចូលចិត្តកូតទ្រ ដេញហ្គីតា និងចាប៉ី។ ជាញឹកញាប់លោក ត្រូវបានសាលាសុំ អោយលេង ហ្គីតាក្នុងពិធីបុណ្យផ្សេងៗ នៅសាលា។ កាលពីកុមារ លោកជាក្មេងសុភាព ស្រគត់ស្រគំ ចិត្តល្អ និងចេះអាណិតអាសូរអ្នកដទៃ។ គេនិយាយថា លោកនិយាយ ទៅកាន់មនុស្សគ្រប់គ្នា ដោយសំដី ទន់ភ្លន់ និង ផ្អែមល្ហែម។ លោកតែងទៅ លេងវត្តនៅក្បែរផ្ទះជាញឹកញាប់ និង បាននិយាយលេង ជាមួយព្រះសង្ឃ នាពេលទំនេរ។ លោកមាននិស្ស័យ នឹងព្រះពុទ្ឋសាសានា ដោយលោកបាន សុំរៀនភាសាបាលី ពីភិក្ខុមួយអង្គ។ លោកចូលចិត្តអានសៀវភៅ ទាត់បាល់ និង បង្ហោះខ្លែង។ ចំពោះការបរិភោគចូលចិត្តញ៉ាំតែម្ហូបគោក មានសាច់ មិនចូលចិត្តញ៉ាំបន្លែទេ ។ ពងទាចៀនជាម្ហូបដែលគាត់ចូលចិត្តញ៉ាំជាប្រចាំ ។
លោកបញ្ចប់ការសិក្សាចំណេះទូទៅនៅឆ្នាំ ១៩៥១ ហើយក៏បានបន្តការសិក្សានៅសាលាវេជ្ជសាស្ត្រនៅភ្នំពេញ ដោយស្នាក់នៅជាមួយ ឪពុកមា របស់លោក។
ទោះជាមមាញឹក នឹងកិច្ចការរៀនសូត្រ នៅសាលាវេជ្ជសាស្ត្រ យ៉ាងណាក៏ដោយ លោកនៅអាចឆ្លៀតពេលទំនេរដើម្បីរៀនច្រៀង និងនិពន្ឋបទភ្លេងដែរ។ ក្នុងកំលុងពេលនោះ គាត់កំរចេញទៅដើរលេងខាងក្រៅណាស់ ដោយសារប្រាក់ឧបត្ថម្ភពីម្តាយឪពុកលោកគ្រប់គ្រាន់ ល្មមសំរាប់ចាយវាយក្នុងការសិក្សាប៉ុណ្ណោះ។ ហេតុនេះ លោកតែងចំនាយពេលទំនេររបស់លោកសំរាប់សិក្សាបទភ្លេងនិងហាត់ច្រៀង។ ដោយមានការគាំទ្រ ពីមិត្តភក្ដិដូចកាលពីនៅបឋមសិក្សាដែរនោះ លោកចាប់ផ្តើមល្បី នៅសាលារបស់លោក ថាជាអ្នកមានទេពកោសល្យខាង តន្ត្រីនិងចម្រៀង ហើយលោក ត្រូវបានគេសុំ អោយច្រៀងនៅរាល់ កម្មវិធីរបស់សាលា ។ នៅឆ្នាំដដែលនោះ លោកបានបង្កើត ក្រុមតន្ត្រីមួយឈ្មោះ ព្រះច័ន្ទរស្មី ដែលមានសមាជិក ៩នាក់។ មិនយូរប៉ុន្មានក្រោយមក ក្រុមតន្ត្រីរបស់លោក ទទួលបានការគាំទ្រ ពេញនិយមពីសំណាក់ ប្រជាពលរដ្ឋក្រុងភ្នំពេញ។ ដោយមានភាពល្បីល្បាញនេះ នៅដើមឆ្នាំ១៩៥៣ ក្រុមតន្ត្រីរបស់លោក ត្រូវបានវិទ្យុជាតិអញ្ជើញអោយចូលប្រគុំ រួមជាមួយក្រុមតន្ត្រីវិទ្យុជាតិឈ្មោះ រាជសីហ៍។ ពេលកិត្តស័ព្ទរបស់លោកចាប់ផ្ដើមល្បី ពាសពេញភ្នំពេញ លោកក្លាយជា អ្នកចំរៀង ពាក់កណ្ដាលអាជីព ដោយជារឿយៗលោកតែងចេញច្រៀងតាមវិទ្យុនិងពិធីមង្គលការផ្សេងៗ។ ជាអកុសល ម្តាយឪពុករបស់លោកមិន សប្បាយចិត្តនឹងឮលោកច្រៀងតាមវិទ្យុទេ។ ពូកគាត់ចង់អោយលោកក្លាយជាវេជ្ជបណ្ឌិត និងបារម្ភថាចំម្រៀងនឹងរំខានដល់ ការសិក្សារបស់លោក។ ប៉ុន្តែ វាសនាបានចារថា ស៊ីន ស៊ីសាមុតត្រូវតែក្លាយជាអ្នកចំម្រៀង ទោះជាមានការជំទាស់ពីគ្រួសារក៏ដោយ។
អាជីពជាសិល្បករ
ពេលដែលកម្ពុជាបានទទួលឯករាជ្យបរិបូរណ៍ពីបារាំងនៅឆ្នាំ ១៩៥៣ លោកចាប់ផ្តើមអាជីពជាសិល្បកររបស់លោក ដោយក្លាយជាអ្នកចំរៀងប្រចាំអោយ ស្ថានីយ៍វិទ្យុជាតិ។ គាត់បន្តការសិក្សាវេជ្ជសាស្ត្ររហូតដល់ចប់ និងចូលបំរើការងារនៅ មន្ទីរពេទ្យព្រះកេតុមាលា។ លោក ស៊ីន ស៊ីសាមុតនិពន្ឋបទភ្លេងដោយប្រើម៉ង់ដូលីន។ បទចំរៀងរបស់លោកជាទូទៅ មានលក្ខណៈមនោសញ្ចេតនា លន្លង់លន្លោច ដោយឆ្លុះបញ្ចាំងអំពីស្នេហាសុភមង្គល ឈឺចាប់ និងស្រមើស្រមៃ។ ទេពកោសល្យសិល្បៈ របស់លោក បានដោយការព្យាយាម ដុសខាត់ ទេពកោសល្យ ពីកំនើត របស់លោក។ មានគេនិយាយថា គាត់បានប្រើប្រាស់វចនានុក្រម ដល់ទៅ៣ ដោយគ្រាន់តែចង់មើលតើពាក្យមួយសរសេរត្រឹមត្រូវឬអត់ ក្នុងភាសាខ្មែរ សំស្ក្រឹត និងបាលី។
ចម្រៀងភាគច្រើនរបស់លោកផ្អែកលើជីវិតពិតនិងអារម្មណ៍របស់អ្នកស្ដាប់។ មិត្តអ្នកស្ដាប់តែងតែយករឿងរ៉ាវផ្ទាល់ខ្លួនគេ មានទាំងស្នេហានិងការបាត់បង់ សប្បាយនិងឈឺចាប់ សំរាប់ឲ្យលោកស៊ីន ស៊ីសាមុត និពន្ធចម្រៀង ដោយផ្អែកលើរឿងពិតនេះ។ ហេតុនេះ អត្ថន័យក្នុងចម្រៀងរបស់លោក ភាគច្រើនជារឿងពិតរបស់មិត្តអ្នកស្ដាប់របស់លោក។ ពេលដែលលោកច្រៀង គ្រប់ពាក្យគ្រប់ម៉ាត់ គឺច្បាស់ៗមួយៗ។ លោកតែងប្រយ័ត្ន ក្នុងការបញ្ចេញសំលេង អោយត្រឹមត្រូវ តាមការសរសេរ ដោយមិនប្រើសំនៀងក្នុងភាសានិយាយទេ។ សំនៀងដ៏ក្រអួនមានទឹកដម ហើយអាចបត់បែនកាច់កុងតាមតែលោកចង់បាន មិនភ្លាត់មិនភ្លាវហើយខ្យល់សំនៀងដាក់ត្រូវតាមអត្ថន័យបទនីមួយៗប្លែកៗគ្នាទៀតផង ។ ចំណុចលេចធ្លោមួយទៀតនៃសំនៀងរបស់លោកគឺណែន ពីរោះ ច្បាស់ គ្មានបន្លំ គ្មានលួចបំភ័ន្តអ្នកស្តាប់មួយពាក្យ ឬមួយឃ្លាណាឡើយ ។ សូរស័ព្ទសំនៀង ដែលលោកបន្លឺពេញ ចំជាពាក្យខ្មែរ ត្រូវតាមអក្ខរាវិរុទ្ធ ហើយអឺនសំឡេងទៀតសោត ទោះជាដាក់ទាបឬលើកខ្ពស់ ក៏លោករក្សាបាននូវ កម្រិតសំឡេងដដែល ហាក់គ្មានប្រឹងបង្ខំបន្តិចណាឡើយ ។
ដោយសារសំឡេងទន់ត្រជាក់ណែនក្រអួនរបស់លោក ស៊ីន ស៊ីសាមុត កាន់តែពីរោះឈ្មោះរបស់លោកបានកាន់តែ លេចត្រដែតក្នុងចំណោមមហាជន ទើបនៅដើមទសវត្សរ៍៥០ លោកបានត្រូវម្ចាស់ក្សត្រី កុសុមៈនារីរ័ត្ន សព្វព្រះរាជហឫទ័យអនុញ្ញាត អោយលោកចូលក្នុងវង់ភ្លេងព្រះរាជទ្រព្យ ដែលក្នុងនោះមានលោក សុះ ម៉ាត់ដែរ ដើម្បីសំដែងក្នុងពិធីគារវកិច្ច ក៏ដូចជាលៀងសាយភោជន៍ផ្សេងៗ។ លោកស្ថិតនៅក្នុងវង្សភ្លេង នេះរហូតដល់ឆ្នាំ១៩៧០។ ក្រៅពីចម្រៀងសម័យ លោកក៏ច្រៀងចម្រៀងបុរាណ និង ប្រពៃណីដែរដូចជា បទសកវាទិ៍ បទមហោរី អាយ៉ៃ ចាប៉ី យីកេ និងបាសាក់ផងដែរ។
នៅពាក់កណ្ដាល ទសវត្សរ៍ឆ្នាំ៥០ បទវីយូឡុងស្នេហា ដែលនិពន្ឋដោយតន្រ្តីករវីយូឡុង ហាស់សាឡន បានជំរុញកិត្តិស័ព្ទលោក ស៊ីន ស៊ីសាមុត អោយកាន់តែល្បីរន្ទឺ។ បទចំរៀងល្បីៗរបស់ លោក ស៊ិន ស៊ីសាមុត នៅសម័យនោះមាន បទស្រីស្រស់ក្មេង បទអនុស្សាវរីយ៍ភ្នំក្រវាញ បទចុងស្រល់ បទថ្ងៃដប់ពីរធ្នូ បទកាកី បទកង្រី បទថ្ងៃមួយកក្កដា បទសំរស់ឆ្នេរកែប បទស្ទឹងពោធិ៍សាត់ និង បទព្រែកឯងអស់សង្ឃឹម ជាដើម។
ស្នេហា អាពាហ៍ពិពាហ៍និងគ្រួសារ
លោកស៊ីន ស៊ីសាមុត មិនដែលមានទំនាក់ទំនងស្នេហាអោយបានច្បាស់លាស់ជាមួយអ្នកណាទេ។ ដោយសារតែលោកមានមហិច្ចតាខ្ពស់និងបូជាខ្លួនសំរាប់ចំរៀង ហេតុនេះលោកមិនមានពេលសំរាប់មានស្នេហាផ្អែមល្អែមទេ។ ទំនាក់ទំនងរបស់លោកជាមួយស្រីៗ ទំនងជាគ្រាន់តែត្រឹមជាមិត្តជាជាងស្នេហា។
លោកស៊ីន ស៊ីសាមុតរៀបអាពាហ៍ពិពាហ៍២ដង។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រ លោក រៀបអាពាហ៍ពិពាហ៍ ជាមួយអ្នកស្រី ខាវ ថងញ៉ុត ដែលជាបងប្អូនជីជូនមួយជាមួយលោក តាមការចាត់ចែងរបស់មេបា។ ពួកលោកមានបុត្រាបុត្រី៤នាក់។ បន្ទាប់ពីសម័យខ្មែរក្រហម មានតែកូនស្រីម្នាក់និងកូនប្រុសម្នាក់ទេដែលរស់រានមានជីវិត។ ជីវិតគ្រួសាររបស់លោកចាប់មានភាពរកាំរកូតដោយសារ សំពាធពីអាជីពនិងកេរ្តិ៍ឈ្មោះរបស់លោក។ ភរិយារបស់លោកបានចាកចោលលោកទៅបួសជាដូនជី ពេលលោកស្រីមានអាយុ៣០ឆ្នាំ។
ទោះបីជាលោក ស៊ីន ស៊ីសាមុត មានទេពកោសល្យនិងធ្វើការខ្លាំងផ្នែកចំរៀងនិងតន្ត្រីក៏ដោយ ប្រាក់ចំនូលរបស់លោកមានកំរិតមធ្យម បើប្រៀបធៀបនឹងអ្នកល្បីៗផ្សេងទៀត។ ទោះជាលោកជាអ្នកចំរៀងមានប្រជាប្រិយបំផុតនៅសម័យនោះក៏ដោយ ក៏លោកមិនអាចក្លាយជាអ្នកមានមហាសាលម្នាក់ដែរ។ លោកមានជីវភាពមធ្យម ដោយសារតែទេពកោសល្យនិងការងារចម្រៀងនិងតន្ត្រីរបស់លោកសុទ្ធសាធ គ្មានចំណូលអ្វីមកពីក្រៅទៀតទេ។ លុយកាក់របស់លោកត្រូវបានស្វះស្វែងរកដោយសេចក្តីព្យាយាម និងសន្សំសំចៃរហូតដល់លោកសង់បានវីឡាធុនមធ្យមមួយនៅទួលទំពូង។ ប៉ុន្តែប្រាក់ចំនូលរបស់លោកអាចអោយលោកដូររថយន្តវ៉ុលវ៉ាហ្គិន (Volkswagen)ពណ៌ខៀវផ្ទៃមេឃ យករថយន្តមែរសឺដែស (Mercedes 220D)ពណ៌ខៀវបាន។
ជាទូទៅ ជីវិតរបស់លោក គឺសាមញ្ញណាស់ ដោយចំនាយពេល ភាគច្រើន សំរាប់ធ្ វើការងារ។ ដោយសារតែប្រាក់ចំនូលបានពីសិល្បៈរបស់លោកមានកំរិតមធ្យម លោកបានហាមប្រាមកូនៗរបស់លោកមិនអោយចាប់អាជីពជាសិល្បៈករចំរៀងតន្ត្រីទេ។ លោកបានពន្យល់ដល់កូនប្រុសរបស់លោក(ស៊ីន ច័ន្ទឆាយ៉ា)ថា អាជីពជាអ្នកចំរៀងគ្មានតំលៃទេ។ ទោះជាកូនៗរបស់លោកបង្ហាញទេពកោសល្យផ្នែកចំរៀងក៏ដោយ ក៏ស៊ីន ស៊ីសាមុត មិនដែលជួយលើកទឹកចិត្តឬជួយបង្ហាត់បង្រៀនកូនៗ ពីសិល្បៈតន្ត្រីនិងចំរៀងដែរ។
មិត្តភក្តិនិងចំណង់ចំណូលចិត្ត
លោក ស៊ីន ស៊ីសាមុត ជាមនុស្សម៉ឺងម៉ាត់ក្នុងការងារ។ ក្នុងមុខជំនួញលោកជាមនុស្សម៉ាត់ណាម៉ាត់ហ្នឺង គឺគោរពពាក្យសំដីនិងតែងផ្តល់នូវអ្វីដែលគាត់បានសន្យា។ ពេលវេលា ឬតម្លៃដែលបានព្រមព្រៀងគ្នាប៉ុនណា ប៉ុន្មានគឺប៉ុណ្ណោះ ហើយមិនឱ្យលើសមិនឱ្យយឺតឱ្យច្រើនជាងក៏មិនយកឱ្យតិចជាងក៏មិនព្រម។គាត់មិនសូវនិយាយស្តីនិងកំប្លែងលេងឥតប្រយោជន៍ទេ មិនថាចំពោះភរិយា មិត្តភក្តិឬអ្នកមិនដែលស្គាល់គ្នាក៏ដោយ។ គេនិយាយថាមានថ្ងៃខ្លះគាត់និយាយមិនដល់១០ម៉ាត់ផងក្នុង១ថ្ងៃ។ ពេលដែលគាត់គ្មានកម្មវិធីសំដែង គាត់តែងចាក់សោរខ្លួនឯងក្នុងបន្ទប់សំងំសរសេរបទភ្លេង រហូតដល់មានញាតិញោមខ្លះប្រកាន់ថាលោកជាមនុស្សឆ្មើងឆ្មៃ ឬមិនសូវរាប់ញាតិ។ តាមការពិតពេលវេលារបស់លោកជាមាសប្រាក់ពិតៗថ្វីបើមាសប្រាក់នោះចំពោះអ្នកដទៃគេមិនអាចធ្វើដូចលោកក៏ដោយ។ ក្នុងការត្រិះរិះឬក្នុងការសរសេរ លោកដាក់អារម្មណ៍រហូតដល់មិត្តភក្តិទៅឈរក្រោយខ្នងលោកយ៉ាងយូរ ទើបលោកផ្តាច់អារម្មណ៍ចេញមកពីការងារមកសួរនាំបាន ។រៀងរាល់យប់ស្នូរម៉ុងដូលីនរាវរកបទរបស់លោក អូសបន្លាយរហូតដល់ម៉ោង២ឬ៣ទៀបភ្លឺក៏មាន ។
មិត្តភក្តិនៅដើមអាជីពរបស់លោកមានអ្នកស្រី ម៉ៅ សារ៉េត (ម្ចាស់បទមេឃខ្មៅងងឹត) អ្នកម្នាង សៀង ឌី និងលោក សុះ ម៉ាត់ ។ មិត្តជិតដិតបំផុតរបស់លោកមាន លោក មែរ ប៊ុន (អ្នកដែលលោកទុកចិត្តបំផុត) និងលោក ស៊ីវ ស៊ុន ។ គេនិយាយថាលោកស៊ីវ ស៊ុន ជាលេខារបស់លោកស៊ីន ស៊ីសាមុត។ លោក ស៊ីវ សុន មិនមែនជាអ្នកសិល្បៈទេ ប៉ុន្តែជាជំនួយការក្នុងការចាត់ចែងការងារផ្សេងៗជូនលោកស៊ីន ស៊ីសាមុត។
លោក ស៊ីន ស៊ីសាមុត ចូលចិត្តល្បែងជល់មាន់។ លោកថែមទាំងបានចិញ្ចឹមមាន់ជល់ដោយខ្លួនលោកផង។ លោកតែងភ្នាល់មាន់លេងជាមួយមិត្តភក្តិរបស់លោក។ គាត់តែងហាត់លើកទំងន់រាល់ព្រឹក។ ចំនូលចិត្តផ្សេងទៀតរបស់លោកមាន អានសៀវភៅនៅបណ្ណាល័យ និងមើលកុនបារាំងនៅរោងភាពយន្តលុច្សនិងរោងភាពយន្តព្រហ្មបាយ័ន។ ពេលយប់ បន្ទាប់ពីការសំដែង លោកតែងទៅហូបបបរជាមួយមិត្តភក្តិ។ គាត់មានកិច្ចសន្យាជាមួយភោជនីយដ្ឋាន៣នៅភ្នំពេញ ដោយច្រៀង២ទៅ៣បទក្នុងកំរៃ ១៥០០រៀល។ គួរបញ្ជាក់ដែរថាតំលៃគុយទាវនៅសម័យនោះមានតំលៃតែ ៥រៀលប៉ុណ្ណោះក្នុង១ចាន។ គាត់តែងទៅច្រៀងនៅរង្គសាលក្បាលថ្ម រង្គសាលនាគបាញ់ទឹក និងរង្គសាល១ទៀតនៅក្បែរក្រសួងមហាផ្ទៃ។
គាត់មិនមែនជាមនុស្សរើសម្ហូបទេ។ គាត់ចូលចិត្តហូបម្ហូបឡាវ ដែលជាម្ហូបម្ដាយលោកធ្វើអោយហូបតាំងពីក្មេង។ ចំពោះម្ហូបខ្មែរ គាត់ចូលចិត្តប្រហុក និងផ្អកត្រី តែលោកមិនញ៉ាំផ្ទាល់ទេ។ គាត់មិនដែលទទួលទានស្រាឬភេសជ្ជៈ ម្ទេស ម្រេច និងបារីទេ ព្រោះរបស់ទាំងនេះប៉ះពាល់ដល់ទឹកដមសំលេងគាត់។
អត្ថបទដកស្រង់ពី វីគីភីឌា
អានអត្ថបទបន្តពីសិល្បៈចំរៀងសម័យលោក ស៊ីន ស៊ីសាមុត
0 comments:
Post a Comment