Saturday, April 13, 2013

Posted by KIA On 3:38 AM
ប្រភព​រូបភាព

មនុស្សគ្រប់ជាតិសាសន៍ តែងប្រារព្ធពិធីចូលឆ្នាំថ្មី​ដែលជា​ប្រពៃណី​របស់ប្រជាជាតិរៀងៗ ខ្លួន។ គ្រាន់តែ​គេនិយម​កំណត់​ពេលវេលានៃ ការរៀប​ចំបុណ្យ​នេះបែ្លកៗ​គ្នា​ស្រប​ទៅតាម ជំនឿ​ទំនៀម​ទម្លាប់​ និងប្រពៃណី​របស់​គេប៉ុណ្ណោះ។ ជនជាតិខ្មែរយើង ក៏មាន​ប្រវត្តិ​ធ្វើ​​បុណ្យចូល​ឆ្នាំ​តាំងពី​បុរាណ​​កាល​ជា​​រៀងរាល់ឆ្នាំ រហូតមក ។ យើងបានប្រទះ ឃើញឯកសារជាច្រើន ដែល​និយាយ​ពី​ពិធី​បុណ្យ​ចូលឆ្នាំ​និង​ឧស្សាហ៍ បានស្តាប់​​ការនិទានរឿង​របស់ចាស់ទុំ​ជាច្រើន។


ប្រវត្តិ


មានតំណាលថា នៅដើមនៃភទ្ទកប្បមាន សេដ្ឋីម្នាក់ មានបុត្រមួយ ឈ្មោះធម្មបាលកុមារ ជា​អ្នកមាន​​ចំណេះវិជ្ជាដ៏វិសេស បានរៀនចេះចប់គម្ពីរត្រីវេទ តាំងពីអាយុបាន ៧ ឆ្នាំ ។ សេដ្ឋីបិតា​បាន​សាង​ប្រាសាទឲ្យ ធម្មបាលកុមារ នៅទៀបដើមជ្រៃមួយធំ នៅឆ្នេរទន្លេ ដែលជាទីស្នាក់អាស្រ័យ នៃបក្សីទាំងឡាយ ។ ធម្មបាលកុមារ ចេះទាំងភាសាបក្សី ទាំងពួងផង ព្រមទាំង​អាចធ្វើជា​អាចារ្យ​សម្ដែង​មង្គលផេ្សងៗ ដល់មនុស្សទាំងពួងផង។ គ្រានោះ មនុស្សលោករមែងរាប់អានមហាព្រហ្ម និង កបិលមហាព្រហ្ម ១ អង្គទៀតដែលជាអ្នកសម្ដែងមង្គលដល់មនុស្សទាំងពួង ។ ពេលនោះ កបិលមហាព្រហ្ម បានជ្រាបព័ត៌‌មានក៏ចុះមកសួរបញ្ហា នឹងធម្មបាលកុមារ ចំនួន ៣ ប្រស្នា ដោយ​សន្យាថា ប្រសិនបើ ធម្មបាលកុមារ អាចដោះប្រស្នាបាន កបិលមហាព្រហ្ម នឹងកាត់​ព្រះសិរ​សាទ្រង់​ដើម្បី បូជាចំពោះធម្មបាលកុមារ ប៉ុន្តែប្រសិនបើ ធម្មបាលកុមារ​មិនអាច​ដោះស្រាយ​ប្រស្នា​នោះរួច កបិលមហាព្រហ្មនឹងកាត់ក្បាលធម្មបាលកុមារវិញ ។ ធម្មបាល​កុមារសុំឲ្យ​ពន្យារពេល​ចំនួន ៧ ថ្ងៃសិនដើម្បីគិតប្រស្នា។ លុះកន្លងទៅ ៦ ថ្ងៃហើយ​ក៏​ធម្មបាល​កុមារ​នៅ​តែ​គិត​មិនឃើញ​ និង​ដឹង​ខ្លួនថា​ព្រឹកនេះ​នឹងត្រូវ​ស្លាប់​ដោយ​អាជ្ញា​​កបិល​មហា​ព្រហ្មជា ប្រាកដ ។ ដូច្នេះ គួរតែរត់ ទៅលាក់ខ្លួន ពួនអាត្មា​ឲ្យស្លាប់​ដោយខ្លួន​ឯងប្រសើរជាង ។ ទើប​​ធម្មបាល​​កុមារ​​ចុះ​ពី​​ប្រាសាទ​​ទៅ​ដេកពួន​​នៅក្រោមដើម​ត្នោតមួយគូ ។

នៅលើដើមត្នោតនោះ មានសត្វឥន្ទ្រីញីឈ្មោលធ្វើសំបុក អាស្រ័យ​នៅ ។ វេលាយប់ សត្វឥន្ទ្រីញីសួរសត្វឥន្ទ្រីឈ្មោលថា ព្រឹកនេះ​យើងបាន​អាហារ​អ្វីធ្វើ​ជា​ចំណី? ឥន្ទ្រីឈ្មោលឆ្លើយថា យើងនឹងស៊ីសាច់ធម្មបាលកុមារ ដែល​នឹង​ត្រូវ​កបិល​មហាព្រហ្ម​សម្លាប់ ព្រោះធម្មបាល​​កុមារដោះប្រស្នាមិនរួច ។ ឥន្ទ្រីញីសួរថា ប្រស្នានោះដូចម្ដេច ? ឥន្ទ្រី​ឈ្មោល​ឆ្លើយថា​ : វេលាព្រឹកសិរីសួស្ដីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅលើផ្ទៃមុខ ។ ហេតុនេះ​ទើប​មនុស្ស​ទាំងឡាយត្រូវយកទឹកលប់មុខ ។ ប្រស្នាទី ២ ចោទថា ថ្ងៃត្រង់សិរីស្ថិតនៅត្រង់ណា ? ត្រូវ​ឆ្លើយថា នៅលើទ្រូង ។ ហេតុនោះទើបមនុស្សត្រូវយកទឹកលាងទ្រូង ។ ប្រស្នាទី ៣ ចោទថា វេលា​ល្ងាចសិរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅនឹងជើង ។ ហេតុនោះ ទើប​មនុស្ស​ទាំងឡាយ​ត្រូវយក​ទឹកលាងជើង ។ ធម្មបាលកុមារបានឮដូច្នេះ ក៏ត្រឡប់ទៅប្រាសាទវិញ ។

លុះព្រឹកឡើង កបិលមហាព្រហ្ម ក៏មកសួរប្រស្នា ធម្មបាលកុមារ ។ ធម្មបាលកុមារ ឆ្លើយដោះស្រាយ តាម​ដែល​បាន​ឮមក ។ កបិលមហាព្រហ្ម ក៏ទទួលថាពិតជាត្រឹមត្រូវ, ព្រមចុះចាញ់ និង សុខចិត្ត​ធ្វើតាម​ពាក្យសន្យា​របស់ខ្លួន ។ កបិលមហាព្រហ្ម ហៅទេពធីតាទាំង ៧ អង្គ ដែលជា បាទបរិចាវិកា ព្រះឥន្ទ្រ មកប្រាប់ថា ឥឡូវបិតា​ត្រូវកាត់​ព្រះសិរសា​ដើម្បីបូជា​ចំពោះ​ធម្មបាលកុមារ តែបើ​ដាក់ក្បាល​នោះលើផែនដី នោះនឹងកើតជាភ្លើងឆេះទាំងលោកធាតុ បើ​បោះ​ទៅ​លើអាកាស នឹងនាំឲ្យរាំងភ្លៀង បើចោលក្នុងមហាសមុទ្រ នោះទឹកនឹងរីងស្ងួតហួតអស់ ។ ដូច្នេះ​សូមឲ្យកូនទាំង ៧ អង្គ យកពានមកទទួលព្រះសិរសាបិតា ។ ពោលរួច ព្រះអង្គ​ក៏កាត់​ព្រះសិរសា​​ហុចទៅ​​ឲ្យ​​ព្រះនាង ទុង្ស ជាកូនច្បង ។ ព្រះនាង ទុង្ស ក៏បានយក​ពានមក​ទទួល​ព្រះសិរសា​បិតា រួចហែ​​ប្រទក្សិណ​​ភ្នំព្រះសុមេរុ ៦០ នាទី​ទើបយាង​ទៅប្រតិស្ឋានទុក ក្នុង​មណ្ឌ​លេះ​នៅ​ក្នុង​គុហាគន្ធមាលី នាភ្នំកៃលាស និងបូជាគ្រឿងទិព្វផេ្សងៗ ។ ព្រះវិស្សកម្មទេវបុត្រ ក៏និមិត្តរោងទិព្វធ្វើពីកែវ ៧ ប្រការ ឈ្មោះថា "ភគវតីសភាសាលា" ឲ្យជាទីប្រជុំនៃទេវតា ។ លុះដល់គម្រប់ ១ឆ្នាំជា សង្ក្រាន្តត នាងទេពធីតា​ទាំង ៧ អង្គ ក៏ផ្លាស់វេនគ្នា មកអញ្ជើញ ព្រះសិរសាកបិលមហាព្រហ្ម ចេញ​មកហែ​ប្រទក្សិណ ភ្នំព្រះសុមេរុជារៀងរាល់ៗឆ្នាំ រួចហើយ​យាង​ត្រឡប់​​ទៅស្ថាន​ទេវ​លោក​ដើម្បី​តម្កល់​វិញ។​
 

0 comments:

ចូលរួមមតិយោបល់តាមហ្វេសប៊ុក បណ្ណាល័យអនឡាញ

Post a Comment