Monday, March 18, 2013

Posted by KIA On 8:47 AM

ប្រជាប្រិយភាពរបស់លោក ស៊ីន ស៊ីសាមុត ​​មិនបាន​ធ្វើឱ្យចុះទន់ខ្សោយ​កិត្តិនាមរបស់អ្នកចម្រៀង​ដទៃ​ទៀតដូចជា លោក អ៊ឹម សុងសឺម និង អ្នកស្រី ហួយ មាស ដែលច្រៀងឱ្យវិទ្យុជាតិ​នាសម័យ​នោះ​ទេ។ លោក មាស ហុកសេង អ្នកសិល្បៈចម្រៀងនៅមហាវិទ្យាល័យវិចិត្រសិល្បៈភ្នំពេញ​(សាលារចនា)​ មានកិត្តិនាមល្បីតាមរយៈបទ លលកញីឈ្មោល នៅឆ្នាំ ១៩៦៦។ កិត្តិស័ព្ទរបស់​តារា​ចម្រៀងល្បីៗទាំងនេះបានដោយសារទឹកដៃនិពន្ឋរបស់កវី ម៉ា ឡៅពី ដែលបាននិពន្ឋបទល្បីៗ​ដូចជា ដៃសមុទ្រត្រពាំងរូង និង បទលលកញីឈ្មោល ជាដើម។ លោក ម៉ា ឡៅពី បានលា​ចាក​លោក​​​​នៅរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក។ លោក អ៊ឹម សុងសឺម ច្រើនតែច្រៀងនិងមិនសូវនិពន្ឋ​បទភ្លេងទេ។ បទចម្រៀងល្បីរបស់លោកគឺបទ កោះត្រល់ ដែលបានថតនៅឆ្នាំ ១៩៦៣ នៅតែ​ដក់​ជាប់​ក្នុងដួងចិត្តខ្មែរគ្រប់រូប ដែលសោកស្តាយការបាត់បង់កោះត្រល់ទៅវៀតណាម។ លោក អ៊ឹម សុងសឺម និងអ្នកស្រី ហួយ មាស តែងតែទៅតាម ព្រះបាទនរោត្តម សីហនុ ពេលទ្រង់ចុះ​ទៅ​ទស្សន​កិច្ច​តាមខេត្ត ដើម្បីច្រៀងបទចម្រៀងប្រជាប្រិយ មានរាំវង់ជាដើមសម្រាប់​កំដរបងប្អូន​ប្រជាពលរដ្ឋ ដែលទៅទទួលស្វាគមន៍ព្រះប្រមុខរដ្ឋ។ លោក សុះ ម៉ាត់ ក៏ជាអ្នកចម្រៀងល្បី​នា​សម័យ​នោះដែរ តាមរយៈបទ អាកាសយាន។ អ្នកគាំទ្រលោក សុះ ម៉ាត់ ភាគច្រើន​ជាអ្នកដែលមិន​និយមបទថ្មីៗរបស់លោក ស៊ីន ស៊ីសាមុត ដែលចេញក្រោយ។

ស្ថានភាពសិល្បៈតន្ត្រី​នៅទសវត្សរ៍​៦០

នៅឆ្នាំ ១៩៦៣ លោក ស៊ីន ស៊ីសាមុត ចាប់ផ្តើមថត​ចម្រៀង​អោយផលិត​កម្មវត្តភ្នំ។ បទចំប៉ា​បាត់​ដំបង​ បានឆក់យក​បេះដូង​អ្នកស្តាប់​នៅទូទាំង​ប្រទេស។ នៅក្នុង​បទសម្ភាសន៍​មួយរៀបចំឡើង​នៅឆ្នាំ ១៩៧១ ដោយទូរទស្សន៍សាធារណរដ្ឋ អ្នកសម្ភាសន៍លោកបាន​រំលឹកឡើងថា បទចំប៉ា​បាត់ដំបង នេះជាប​ទ​ដំបូងគេបង្អស់​ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នេះ ដើម្បីអបអរសាទរ​ពិធីសម្ភោធស្ថានីយ៍របស់ខ្លួននៅឆ្នាំ១៩៦៥។

កិត្តិស័ព្ទរបស់លោកឡើងដល់កំពូលនៅពាក់កណ្តាលទសវត្សរ៍៦០។ លោកបានចូលរួមថតបទ​ចម្រៀងថ្វាយ​ព្រះបាទនរោត្តមសីហនុ ដូចជា បទរាត្រីដែលបានជួបភ័ក្រ និង បទភ្នំពេញ។ នៅចុង​ទសវត្សរ៍៦០ និងដើមទសវត្សរ៍៧០ លោកចាប់ផ្តើម​ថតបទ​ចម្រៀង​ដាក់ក្នុងភាពយន្ត​ពេញនិយម​មួយចំនួន​នា​សម័យនោះ មាន រឿងអនអើយស្រីអន រឿងទិព្វសូដាច័ន្ទ និង រឿងថាវរីមាសបង។ ក្នុង រឿងពៅឈូកស ដឹកនាំថតដោយលោក ទា លឹមកាំង សំដែងដោយ លោក ជា យុតថន និង អ្នកស្រី ឌីសាវ៉េត, បទនាវាជីវិត របស់លោក ស៊ីន ស៊ីសាមុត កាន់តែធ្វើ​អោយផ្ទៃរឿង​កាន់តែ​កំសត់។ បទនាវាជីវិត បន្ទរឡើងនៅក្នុងឈុត ជា យុតថន ចេញទូកចាកចោលភរិយា (សំដែងដោយអ្នកស្រី ឌី សាវ៉េត)អោយនៅកណ្តោចកណ្តែង។

នៅក្នុងជីវិតសិល្បៈរបស់លោក លោកធ្លាប់​ថតបទ​ចំរៀងឆ្លងឆ្លើយ​ជាមួយ​អ្នកចម្រៀង​ស្រីជាច្រើន​មាន​ដូចជា អ្នកស្រី ម៉ៅ សារ៉េត អ្នកស្រី កែវ សិដ្ឋា អ្នកស្រី ឈុន វណ្ណា អ្នកស្រី ហួយមាស អ្នកស្រី រស់ សេរីសុទ្ឋា និង អ្នកស្រី ប៉ែន រ៉ន។ អ្នកស្រី ម៉ៅ សារ៉េត ជាអ្នកចំរៀង​ស្រី​ដែល​មាន​ឈ្មោះល្បី​ទូទាំងប្រទេស​ដំបូងគេ​ចាប់ពីកម្ពុជា​បានឯករាជ្យ។ បទចំរៀងល្បីរបស់អ្នកស្រីគឺ បទសំបុត្រ​ក្រោមខ្នើយ និងបទអោយអូនអស់ចិត្ត។ អ្នកស្រី ប៉ែន រ៉ន ចាប់ផ្តើមថតចំរៀងជាមួយលោក ស៊ីន ស៊ីសាមុត នៅឆ្នាំ ១៩៦៦។ អ្នកស្រី រស់ សេរីសុទ្ឋា ចាប់អាជីពសិល្បៈករនៅឆ្នាំ ១៩៦៧ ជាមួយ​នឹងបទស្ទឹងខៀវ។ សំលេងស្រួយ​ស្រេះរបស់​អ្នកស្រី​សក្តិសមឥត​ខ្ចោះជាមួយ​សំលេង​ធ្ងន់ក្រអួន​របស់លោក ស៊ីន ស៊ីសាមុត។

ទសវត្សរ៍៧០ 

ប្រជាប្រិយភាពរបស់លោក ស៊ីន ស៊ីសាមុត បាន​ធ្វើអោយ​លោក​មិនអាច​និពន្ឋ​បទភ្លេង​អោយទាន់​តំរូវការ​អ្នកគាំទ្រលោក។ ហេតុនេះគាត់ក៏ចាប់ផ្តើមយកបទរបស់កវីផ្សេងទៀតមកច្រៀង។ ដំបូង​គាត់ច្រៀង​បទនិពន្ឋរបស់ លោក ពៅ ស៊ីផូ លោក ស្វាយ សំអឿ លោក ម៉ា ឡៅពី លោក មែរ ប៊ុន (មិត្តស្និទ្ឋស្នាលរបស់លោក) និងលោក ហាស់ សាឡន។ ពីឆ្នាំ ១៩៧០ដល់ឆ្នាំ ១៩៧៥ ភាគច្រើន​គាត់ច្រៀងបទនិពន្ឋដោយលោកវ៉ោយហូរ។ ទោះជាគាត់ច្រៀងបទដែលនិពន្ឋដោយអ្នកដទៃ បទចំរៀង​របស់គាត់នៅតែមានប្រជាប្រិយភាព។ ព្រមជាមួយបទចំរៀងផ្ទាល់ខ្លួន លោកក៏បាន​យក​ទំនុកភ្លេងបរទេសមកច្រៀងជាខ្មែរដែរ។ ដូចជា បទឆ្នាំមុន និងបទស្នេហ៍ឆ្លងវេហា ដែលយកពីថៃ បទបងនៅតែចាំអូន តាមលំនាំបទ The House of the Rising Sun បទខ្ញុំស្រលាញ់ស្រីតូច លំនាំបទ Black Magic Woman។ ក្រៅពីនោះលោកតែងបទដោយខ្លួនឯង ដែលមាន​រឿងខ្លះ​ជារឿងផ្ទាល់​របស់​លោក មានបទខ្លះជារបស់មិត្តភក្តិ មកដំណាលប្រាប់លោកឱ្យលោកតែងឱ្យគេ ។ ហេតុនេះ​ហើយទើបរៀងរាល់ថៃ្ងតាំងពីព្រឹកព្រលឹមគឺ មានមនុស្សអង្គុយចាំលោកនៅមុខផ្ទះរួចជាស្រេច ដើម្បីសុំឱ្យលោកជួយតែងបទពីជីវិតឬពីការឈឺចាប់ណាមួយរបស់គេ ។ ចំពោះសំណូមពរនេះ លោកតែងដោះស្រាយឱ្យជាហូរហែដែរ ទើបបទរបស់លោកភាគច្រើនវាខ្លីមួយបទមែន តែវាបានឆ្លុះបញ្ចាំងឱ្យឃើញពីវិបត្តិមួយយ៉ាងធំ ពីព្រឹត្តិការណ៍​ធំណាមួយ​ឬ​ពីដំណើរជីវិត​របស់​មនុស្សម្នាក់​តាំងពីដើមរហូតដល់ចប់ ហើយពោរពេញ​ដោយ​មនោសញ្ចោត​នា​យ៉ាងជ្រាលជ្រៅ​ទៀតផង។

នៅក្រោយមកទៀត លោកស៊ីន ស៊ីសាមុតថតអាល់ប៊ុមអោយផលិតកម្មច័ន្ទឆាយា និងផលិតកម្​មហេងសេង។ លោកក៏សរសេរចំរៀងអោយផលិតកម្មភាពយន្តផ្សេងៗផងដែរ។ រហូតមកទល់​ឆ្នាំ១៩៧២ លោកបានលក់ចំរៀងជាង១ពាន់បទអោយផលិតកម្មនានា។ រហូត​ដល់​ការដួលរលំ​នៃសាធារណរដ្ឋខ្មែរនៅឆ្នាំ១៩៧៥ លោកបានថតចំរៀងប្រហែល១ពាន់បទទៀត។

បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១៨ មីនា ១៩៧០ លោកស៊ីន ស៊ីសាមុត​បានចាកចោល​វង្សភ្លេង​ព្រះរាជទ្រព្យ​ ទៅការិយាល័យទី៥នៃក្រសួងអគ្គសេនាធិការកងទ័ពជាតិសាធាណរដ្ឋខ្មែរ។ គាត់បានធ្វើការនៅការិយាល័យទី៥រយៈពេល១ឆ្នាំ រួចក៏ចូល​ក្នុងក្រុមតន្ត្រី​ក្រសួងក្នុង​ឋានៈ​ជា​អនុសេនីយ៍ទោ។ នៅមុនពេលខ្មែរក្រហមកាន់កាប់ លោកបានឡើងឋានៈដល់អនុសេនីយ៍ឯក។

នៅសម័យលន់នល់ គាត់ចាប់ផ្តើមច្រៀងចំរៀងឃោសនាអោយសាធារណរដ្ឋខ្មែរ។ នៅក្នុង​កម្មវិធី​ទូរទស្សន៍នៅឆ្នាំ១៩៧១ គាត់ច្រៀងបទគាំទ្ររបបសាធារណរដ្ឋ ក្នុងសំលៀកបំពាក់​យោធា​ដោយ​ពាក់មួកកន្តិបបិតបាំងថ្ងាសឆកបន្តិចរបស់លោក។ គាត់បាន​រៀបអាពាហ៍ពិពាហ៍​ជាថ្មីម្តងទៀត​ជាមួយអ្នករាំរបាំព្រះរាជទ្រព្យម្នាក់។ នៅពេលខ្មែរក្រហមវាយបានភ្នំពេញនៅខែមេសា ១៩៧៥ លោកត្រូវបានគេជន្លៀសចេញពីក្រុងជាមួយប្រជាពលរដ្ឋរាប់លានអ្នកទៀត។ គាត់ត្រូវ​ពួក​ខ្មែរក្រហម​សំលាប់បន្ទាប់ពីលោកថតបទចំរៀងអោយពួកវារួចហើយ។


អត្ថបទពី​ វិគីភីឌា
 

0 comments:

ចូលរួមមតិយោបល់តាមហ្វេសប៊ុក បណ្ណាល័យអនឡាញ

Post a Comment