មាននិទានមួយថាៈ មានបុរស៣នាក់ សុំដោយសារទូកឈ្មួញទៅ បុរសមា្នក់យកឈើដូចជា ដងសាដៀវមកដេញធ្វើជាភ្លេង បុរសម្នាក់ទៀតកាលបើ ឭគេដេញសាដៀវធ្វើភ្លេងដ៏ពិរោះដូច្នោះហើយ ក៏ទះដៃ ឭសូរស្រួយពិរោះ បុរសម្នាក់ទៀតឭសូរគេទះដៃ ពិរោះដូច្នោះ ក៏ក្រោកឈរឡើងរាំរំពេនបត់បែន រត់ទៅមកលើទូក។ ទូកនោះ ក៏ឃ្លេងឃ្លោង ផ្អៀងក្រឡាប់លិចទៅ ខូចបង់របស់ទ្រព្យឈ្មួញអស់។ ឈ្មួញបន្តឹងឲ្យបុរសទាំង ៣ នាក់ សងទ្រព្យសម្បត្តិដែលលិចលង់ ទៅក្នុងទឹកបាត់អស់នោះ។
ឯបុរសទាំង ៣ នាក់ ឈ្លោះប្រកែកបន្ទោសគ្នាទៅវិញទៅមក ឲ្យរកទ្រព្យសងឈ្មួញ។ បុរសម្នាក់និយាយថា “ព្រោះហេតុតែចៅនេះរាំ បានជាទូកឃ្លេងឃ្លោងទាល់តែ ក្រឡាប់លិចទៅត្រូវឲ្យចៅនេះឯងរកទ្រព្យសងគេ”។ បុរសអ្នករាំនោះឆ្លើយថា "ព្រោះហេតុតែចៅនេះទះដៃឭសូរស្រួយពិរោះ បានជាខ្ញុំក្រោកឈរឡើងរាំ ត្រូវឲ្យចៅនេះរកទ្រព្យសងគេ"។ បុរសអ្នកទះដៃបន្ទោសទៅបុរសម្នាក់ទៀតថាៈ “ព្រោះហេតុតែចៅដេញសាដៀវ ធ្វើបទភ្លេងសម្លេង ពិរោះបានជាខ្ញុំទះដៃតាម ចង្វាក់ភ្លេង ត្រូវឲ្យចៅនេះឯង រកទ្រព្យសងគេ”។ ឯបុរសអ្នកធ្វើភ្លេងឆ្លើយឡើងថា “ខ្ញុំធ្វើភ្លេងមែនពិតប៉ុន្តែ ទូកឥតកម្រើកឃ្លេងឃ្លោងសោះ មកពីចៅនេះទះដៃឭសូរពិរោះ បានជាចៅ ម្នាក់ទៀតក្រោកឈររាំ ធ្វើឲ្យទូកលិចលង់ ខូចបង់របស់ទ្រព្យគេអស់ ដូច្នេះ ត្រូវតែចៅទាំង ២ នាក់នេះរកទ្រព្យសងគេ”។
បុរសទាំង ៣ នាក់ចេះតែបន្ទោសគ្នាទៅវិញទៅមក គ្មានអ្នកណាសុខចិត្ត រកទ្រព្យសងឈ្មួញម្ចាស់ទូកឡើយ ទើបនាំគ្នាទៅប្តឹងចៅក្រម។ ចៅក្រមជំនុំមិនដាច់ស្រេចក៏នាំរឿងនេះ ទៅក្រាបបង្គំទូលព្រះមហាក្សត្រតាមដំណើរ តាំងពីដើមរហូតដល់ចប់។ ព្រះមហាក្សត្រទ្រង់ព្រះចិន្តាពិចារណា កាត់ក្តីបុរសទាំង ៣ ធ្វើជាភាគៗ ចែកឲ្យសងទ្រព្យឈ្មួញនោះ ព្រះអង្គមានព្រះបន្ទូលថា “ ព្រះស្តែងអ្នកធ្វើជាបទភ្លេងនោះឲ្យសងភាគ ១ ឯព្រះស្តែងអ្នកទះដៃឲ្យសងភាគ ២ ចំណែកព្រះស្តែងដែលក្រោកឈរឡើងរាំឲ្យសងភាគ៣ “។ បុរសទាំង ៣ នាក់ទទួលព្រះសុខចិត្ត តាមបន្ទូលនោះហើយ ក៏ក្រោកថ្វាយបង្គំលាទៅលំនៅទីទៃៗ។ ព្រះមហាក្សត្រកាត់សេចក្តីយ៉ាងនេះ ហៅសុគិតមនំហោង ។
0 comments:
Post a Comment