Friday, August 2, 2013

Posted by KIA007 On 1:02 AM

បណ្តាញ​ទំនាក់ទំនង​សង្គម Facebook កំពុង​តែរកចំណូល​បាន​យ៉ាង​និង​កើន​ឡើង​ជា​ប្រចាំ ជា​រៀង​រាល់​ត្រីមាស​ដោយ​ការ​ផ្សព្វផ្សាយ​លើ​គេហទំព័រ​របស់​ខ្លួន តែ​អ្នក​ប្រើប្រាស់​ហាក់​មាន​ភាព​មិន​ពេញ​ចិត្ត ​ចំពោះ​​ការបង្ហាញ​ស្លាក​ផ្សព្វផ្សាយ​ច្រើន​ឡើង​លើ​គេហទំព័រ​មួយនេះ។

យោង​ទៅ​តាមរបាយការណ៍​ដែល​ផ្សាយចេញ​ដោយ​គេហទំព័រ ​Business Insider បាន​បង្ហាញ​ឲ្យឃើញថា​អ្នកប្រើប្រាស់ ​Facebook ភាគ​ច្រើន​មាន​ការ​មិន​សប្បាយចិត្ត​ជាមួយ​ការ​បង្ហាញ​ស្លាក​ផ្សព្វផ្សាយ​ទាំងនោះ។ ដែលបណ្តាញ​សង្គម LinkedIn មាន​ចំនួន​ត្រឹមតែ ២៣% និង Twitter មានត្រឹមតែ ១២% នៃ​អ្នកប្រើប្រាស់​ដែលមាន​ការ​មិនពេញ​ចិត្តជាមួយ​និង​ការ​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ទាំងនោះ។

Facebook បាន​ប្រកាស​ថា​រកបាន​ចំណូល ១.៦ ពាន់លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី២ តាមរយៈ​ការ​ផ្សព្វផ្សាយ​ ដែល​ស្មើ​និង ៨៨% នៃ​ចំណូល​សរុប។





ប្រភពពីៈ Softpedia



Saturday, July 27, 2013

Posted by KIA007 On 9:37 PM
រូបភាពនៃ​ស្ពាន ស៊ី ឌូ

សម្រាប់​កំណត់​ត្រាពិភពលោក​របស់យើង​ក្នុងសប្តាហ៍នេះ បណ្ណាល័យ អនឡាញ និង​លើក​យក​ពី​ស្ពាន​ ដែលមាន​កម្ពស់​​ខ្ពស់ជាង​គេ​លើ​ពិភពលោក (គិតត្រឹមថ្ងៃ ២៧ កក្កដា ២០១៣)។

ស្ពាន Si Du River Bridge មានកម្ពស់​ច្រើនជាង ១៦០០ ហ្វីត(៤៨៧.៦៨ ម៉ែត) គឺជា​ស្ពាន​ដែលមាន​កម្ពស់​ ខ្ពស់ជាង​គេ​លើ​ពិភពលោក។ ស្ពាន​នេះ​មាន​ទីតាំង​នៅជ្រលង​នៃទន្លេ Si Du នៅខេត្ត Hubei នៃ​សាធារណរដ្ឋ ប្រជាមានិតចិន។ ស្ពាននេះ​ត្រូវបាន​បើកនៅ​ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០០៩ ហើយ​បាន​ជាប់​ជាស្ពាន​ដែលមាន​កម្ពស់​ខ្ពស់ជាង​គេ ដែល​បាន​រចនា​មាន​រាង​ជា​អក្សរ​H​យ៉ាង​អស្ចារ្យ​ដោយ​ក្រុមហ៊ុន CCSHCC Second Highway Consultants Company, Ltd. ដែលថ្លៃ​ចំណាយ​ប្រមាណ​ជា ១០០ លាន​ដុល្លារ​អាមេរិច (ប្រភពពី www.highestbridges.com)។





អត្ថបទដោយៈ អ៊ឹង គាហេង
ប្រភពៈ www.briskinfo.com




Monday, July 22, 2013

Posted by KIA007 On 11:01 PM




នេះជាវីដេអូមួយដែល​ធ្វើឡើង​ដោយ​​សិស្ស​ផ្នែក​ទំនាក់ទំនង​ សង្គម​និង​​សារព័ត៌មាន​ នៃ​​សាលា​បច្ចេក​ទេស​ ដុន បូស្កូ ខេត្តព្រះសីហនុ។ ដែល​និយាយ​​ពី​កាតព្វកិច្ច​យុវជន​ក្នុងការ​ទៅ​ចូលរួម​បោះឆ្នោត នៅថ្ងៃទី ២៨ ខែ​ កក្កដា ខាងមុខ​នេះ។

Saturday, July 13, 2013

Posted by KIA007 On 7:56 AM
រូបភាពពី​: The Guardian

គ្រូបង្វឹក ​Arsene Wenger នឹងបន្ត​កិច្ចសន្យា​នៅ ក្លឹប កាំភ្លើង​ធំ Arsenal រហូត​ដល់​កុងត្រា​របស់​គាត់​បញ្ចប់​នៅ​រដូវកាល​ក្រោយ។

គ្រូបង្វឹក​រូបត្រូវ​បានចាប់​អារម្មណ៍​ដោយក្លឹប Paris St-Germain ។ ទោះ​ជាយ៉ាងណា​ក៏ដោយ​លោក​បាន​បដិសេធ​ សំណើរ​ដោយ​បាន​បង្ហាញ​ពី​ការស្រលាញ់​របស់​លោក​ចំពោះ ក្លឹប Arsenal ដែលលោក​បាន​ធ្វើការ​នៅក្លឹប​មួយ​នេះ​អស់​រយៈពេល ១៧​ឆ្នាំ​កន្លងមក។ លោកបាន​និយាយ​ថា “ បេះដូង​របស់ខ្ញុំ​នៅ​តែ​នៅ​ជា Arsenal ខ្ញុំបាន​តាំងចិត្ត​នៅជាមួយ​ក្លឹប​មួយនេះ បន្ត​ទៀត​ហើយ​បាន​ពិភាក្សា​ជាមួយ Ivan Gazidis ពី​កុងត្រា​របស់​ខ្ញុំ​​រួចហើយ ”។​

Gazidis​ បាន​បង្ហាញ​ពីឆន្ទៈ​ចំពោះ Arsene Wenger ថា​ជាបុរស​ដែល​អាច​គ្រប់គ្រង​ក្លឹប Arsenal បន្ត​ទៅ​ទៀត​។ លោក Arsene Wenger បានបន្ត​ថា​គាត់ចង់​យក​ពានរង្វាន់​ឲ្យក្លឹប Arsenal ក្រោយ​ពីក្លឹប​មិនបាន​ទទួល​ពានរង្វាន់​អ្វីសោះ​ តាំងពី​ឆ្នាំ​ ២០០៥។

ប្រភពព័ត៌ The Guardian បានបន្តថាលោក Arsene Wenger មិនបាន​បង្ហើប​ពីដំណើរ​ការទិញ​ដូរ​កីឡាករ​ ដែល​មាន​ដូចជា Gonzalo Higuain របស់ Real Mardrid, Wayne Rooney របស់ Manchester United, និង Luis Suarez របស់ Liverpool នោះទេ។





ប្រភពព័ត៌មានៈ The Guardian 
ប្រែសម្រួលៈ អ៊ឹង គាហេង

Friday, July 5, 2013

Posted by KIA007 On 6:05 AM
រូបភាព​ផ្សព្វផ្សាយ


សូមអរគុណចំពោះការ​តាម​តាន​ របស់​អស់លោកអ្នក​នាង​ ដែលជា​កំលាំងចិត្តនៃ​ បណ្ណាល័យ អនឡាញ សូមរង​ចាំ និង តាមតាន​នៅការអភិវឌ្ឍន៍របស់ ទំព័រ​មួយ​នេះជាបន្ត សូមអរគុណ។






Wednesday, July 3, 2013

Posted by KIA007 On 1:00 AM
រូបភាពពីៈ www.mirror.co.uk

ខ្សែការពារ​កណ្តាល កូឡូ ធួរ៉េ បានក្លាយជា​កីឡាករ របស់ លីវើផូល ពេញលេញ ក្រោយ​ពី​កិច្ចសន្យា​របស់គាត់​ជាមួយ មែនឆែស្តឺ ស៊ីធី ត្រូវបាន​បញ្ចប់។

ការព្រម​ព្រៀងនេះ ត្រូវបាន​ធ្វើឡើង​មុនពេល ការបើក​ទ្វារទិញ​ដូរកីឡាករ ​តែ​ត្រូវ​រងចាំ​ដល់ពេល​ដែលការ​ទិញដូរ​​មកដល់។

“វាមានន័យ​ណាស់​សម្រាប់ខ្ញុំ គឺ ខ្ញុំចូលរួមជា​មួយនិងក្លិប ដ៏ធំមួយ​នៅអង់គ្លេស។ ពេលដែល​ចាកចេញ​ពី មែនឆែស្តឺ ស៊ីធី វាជា​ការសម្ខាន់​ដែលខ្ញុំ អាចបន្ត​លេងនៅ ព្រីម៉ាលីច ព្រោះនេះ​ជាលីច ដែល​ល្អបំផុត ហើយវាជា​ការប្រសើរ​ណាស់ ដែលខ្ញុំអាច​ចូលរួម​ជាមួយ​និង លីវើផូល។ ខ្ញុំ​ជ្រើសរើស មកកាន់ ក្លិប ហង្សក្រហម លីវើផូល ពីព្រោះ ប្រវត្តិសាស្រ្តដ៏រុងរឿង កម្លាំងចិត្ត និង មនុស្ស​គ្រប់​គ្នា​នៅ​ទីនេះ។” កូឡូ ធួរ៉េ ធ្វើការសម្ភាសន៍ ជាមួយ liverpoolfc.com។

កីឡាករ​ចំណូលថ្មី របស់ លីវើផូល រួមមាន កូឡូធួរ៉េ លូវីស, អាល់បឺតូ, អាយកូ អាស្ផ៉ា, និង ស៊ីម៉ុន មីចនូលេត សុទ្ធតែបាន​មកហាត់​សម​សម្រាប់​ក្លិបនៅឯ មេលវូត។




បកប្រែដោយៈ អ៊ឹង គាហេង
ដកស្រង់ពីៈ Espn.com

Monday, July 1, 2013

Posted by KIA007 On 2:46 AM
រូបសំណាក់​ លោកពុក​ បូស្កូ

សាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ គឺជា​សាលា​អង្គការ​ក្រៅរដ្ឋាភិបាល​មួយដែលជួយ​ដល់​យុវជន យុវនារី កម្ពុជា​ដែលពុំមាន​លទ្ធភាព​ទៅបន្ត​ការសិក្សា​នៅសកលវិទ្យាល័យ​នានា។

សាលា​បច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ មានទីតាំងនៅ ផ្លូវអូរប្រាំ ក្រុមទី១៣ មណ្ឌល៥ សង្កាត់៤ ខ័ណ្ឌមិត្តភាព ក្រុងព្រះសីហនុ។ សាលា ដុន បូស្កូ ចាប់ផ្តើម​​បង្កើត​ឡើង​​នៅ​ឆ្នាំ១៨៥៤ ​ដោយក្រុម​គ្រួសារ​​សាលេស៊ាន នៅ​ប្រទេស​អ៊ីតាលី​​ដោយលោក​​ឪពុក បូស្កូ។ ហើយ​នៅ​​ទសវត្ស៍​ឆ្នាំ​១៩៩០ សាលាបច្ចេក ដុន បូស្កូ ក៏បាន​​កកើតឡើង​​នៅលើទឹកដី​​ខេត្ត​ព្រះសីហនុ​។ អស់រយៈពេល​​ជាច្រើនឆ្នាំ សាលា​បច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ​​បាន​​បណ្តុះបណ្តាល យុវជនក្រក្រី និង កំព្រា ឲ្យមាន​ចំណេះដឹង​ខ្ពស់​​ផ្នែកបច្ចេកទេស ​និងមាន​​ការងារល្អៗ​​ធ្វើចាកផុត​​ពីភាព​ក្រីក្រ ហើយ​កំពុងតែ​​បម្រើ​ការ​​នៅតាម​​ស្ថាប័ន​នានា ក្នុងមុខដំណែង​​ដ៏ល្អ​ប្រសើរ។ ដោយភាព​ជោគជ័យ​​ទាំងនេះ​​សាលាមួយនេះ​​ក៏ទទួល​បាន​នូវ​ភាព​​ល្បីល្បាញ និង ការទទួលស្គាល់​​គុណភាព​​នៃការ​​បណ្តុះ​បណ្តាល​ និងវិន័យដ៏ល្អ មកទល់និង​ពេលបច្ចុប្បន្ន ដែល​​សាលា​​បច្ចេកទេស ដុន បូស្កូ នៅតែបន្ត​​សកម្មភាព​​របស់ខ្លួន​​ក្នុងការ​​បណ្តុះបណ្តាល យុវជនក្រីក្រ និង កំព្រា ឲ្យទទួល​បាន​​ចំណេះដឺង​​ផ្នែកបច្ចេកទេស អប់រំចិត្តគំណិត មានជំនាញ​​ច្បាស់លាស់ និង មានការងារ​​ដែល​​ល្អ​ប្រសើរ​​​នៅក្នុងជីវិត​​​របស់​ពួកគេ។

មកទល់ពេល​បច្ចុប្បន្ន សាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ​​​នៅតែបន្ត​​ទទួល​​​សិស្សានុ​សិស្ស​​​ជារៀង​រាល់​ឆ្នាំ​​ដែលមាន ៥ផ្នែកសម្រាប់​​ជ្រើសរើស​​សិក្សា​ដូចជាៈ

  •  ផ្នែកយន្តសាសទូទៅ
  •  ផ្នែកយន្តសាសរថយន្ត
  •  ផ្នែកអគ្គីសនី
  •  ផ្នែកលេខាធិការ
  •  ផ្នែកទំនាក់ទំនងសង្គម និង សារព័ត៌មាន

សាលា ដុន បូស្កូ ខេត្តព្រះសីហនុ
លោកពុក ចន វីសឺ និង លោក​ពុក លី សំណាង
សាលាសណ្ឋាគា ដុន បូស្កូ
សិស្សទំនាក់ទំនងសង្គមជំនាន់ទី៦
ផ្នែកទំនាក់ទំនងសង្កមនិងសារព័ត៌មាន

ថ្ងៃប្ររព្ធពីធីបុណ្យ ណូអែល នៅសាលាដុន បូស្កូ ២០១២






Sunday, June 30, 2013

Posted by KIA007 On 5:41 AM

ប្រព័ន្ធទំនាក់​ទំនងសង្គម Facebook មាន​គម្រោង​បង្កើតប្រព័ន្ធ​ដែលរៀប​ចំទំព័រ និង ក្រុមនៅ​ក្នុង Facebook ដែលផ្ទុក​ទៅដោយ អត្ថបទ និង រូបភាព​មិនសមរម្យ​ដូចជា​រូបភាព​អាសអាភាសន៍ ​ឲ្យ​ចូល​ទៅ​ក្នុង​តារាង blacklist ដោយ​ស្វ័យប្រវត្តិ។ ប្រព័ន្ធ​នេះ​និងចាប់ផ្តើម​ដំណើរការ​នៅថ្ងៃទី ១ ខែ៧ ខាងមុខ​នេះនៅពេល​ដែល​ស្លាកផ្សព្វផ្សាយ​និងត្រូវបានបិទ​ចំពោះទំព័រទាំងនោះ។

"យើង​និងស្វែងរក​និង​បន្តឹងបិទ​ការឃោសនា​មិនឲ្យ​បង្ហាញ​ឡើង​នៅលើទំព័រ​ឬក្រុម​ដែលផ្ទុក អត្ថបទ និងរូបភាព មិនសមរម្យ។ មុននិង​មានវិធានការ​នេះកើត​ឡើង ទំព័រដែល​ផ្ទុក​រូបភាព និង ផលិត​ផល​អាសអាភាសន៍​បានមាន​សិទ្ធិក្នុងការបង្ហាញ​ការឃោសនា​របស់ខ្លួន​នៅផ្នែកខាង​ស្តាំនៃទំព័រ"។



បកប្រែអត្ថបទដោយៈ គាហេង
ប្រភពពីៈ Softpedia.com

Sunday, June 23, 2013

Posted by KIA007 On 8:16 AM

មាននិទានមួយថាៈ មានបុរស ៤ នាក់ទៅរករៀន​សិល្បសាស្រ្ត អំពីព្រាហ្មណ៍​ជា​ទិសា​បាមោ​ក្ខា​ចារ្យ ​នៅ​តក្កសិសាមហានគរ ។ បណ្តាបុរសទាំង ៤ នាក់ បុរសម្នាក់ រៀនទាយ បុរសម្នាក់​រៀនបាញ់ បុរស​ម្នាក់រៀនមុខទឹក បុរសម្នាក់រៀន​ជប់អោយ​រស់ឡើងវិញ។ អ្នកទាំង ៤ នាក់សឹងរៀន​ទីទៃៗ ពីគ្នា លុះរៀនចប់ហើយ​ក្រាបលា​ទិសាបាមោក្ខាចារ្យ​ជាគ្រូទៅ​ស្រុកវិញ លុះចេញ​ដើរ​ទៅ​ដល់​ពេល​ល្ងាច​ឈប់សម្រាក​ដេកនៅ​ឆ្នេរសមុទ្រ។ ព្រឹកឡើង​បុរស​ចេះហោរ​និយាយ​នឹងបុរសទាំង ៣ នាក់ថា “អ្នកអើយ ! ពេលនេះ​យើងនឹង​មាន​លាភ​ដោយ​សត្វឥន្រ្ទី​ពាំ​នាំ​យក​កូន​ស្តេចមួយ​ព្រះអង្គ អំពី​ពារាណសី មហានគរ ហើរមក​ទៀបលំនៅ​យើងនេះឯង”។ បុរសទាំង ៤ នាក់​គិតគ្នា​ហើយក៏​ឃ្លាំចាំ​មើល​ដោយ​ទិសទីទៃៗ ដ៏កាល​នោះ​ពុំយូរ​ឡើយ​សត្វឥន្រ្ទី​ក៏ពាំនាំ​នាងហើរ​មកទៀង​ប្រាកដឆុត​ដូចហោរ​ទាយ​នោះមែន បុរសចេះ​បាញ់ក៏​ដំឡើងធ្នូបាញ់ ត្រូវសត្វ​ឥន្រ្ទីនោះ​ធ្លាក់នាង​អំពីមាត់ ចុះ​ទៅ​ក្នុងទឺកសមុទ្រ អ្នកចេះមុជទឹក ក៏មុជចុះ​ទៅស្រង់​យកនាង​ឡើងមក​បានដូច​បំណង ឯ​អ្នក​ចេះ​ជប់ បានជប់នាង​នោះឲ្យ​រស់​ឡើងវិញ។ កាលនាង​មានជីវិត​រស់ឡើង​វិញហើយ អស់អ្នកទាំង ៤ នាក់នោះ​ដណ្តើម​គ្នាចង់យកនាង​ជាភរិយា​តែរៀងៗខ្លួន។ អស់អ្នកទាំង ៤ នោះ​ឈ្លោះ​ប្រកែក​ជជែក​គ្នា​មិនដាច់ស្រេច​ក៏នាំគ្នា​ទៅប្តឹង​ដល់ចៅក្រម ដោយដំណើរខ្លួនទីទៃៗ ហើយ​សួរចៅ​ក្រមថា "នាង​នេះ​តើត្រូវ​បានជា​ប្រពន្ធនរណា? “។

ចៅក្រមជំនុំ​ពិចារណា​រឿងនេះ​ពុំបាន ក៏នាំអ្នកទាំង ៤ ឡើងក្រាបបង្គំទូល ព្រះមហាក្សត្រ ដោយ​ដំណើរ​សព្វ​គ្រប់ប្រការ។ ព្រះមហាក្សត្រ ទ្រង់​ពិចារណា​ឈ្វេងយល់​ក្នុងព្រះរាជ​ហឬទ័យថា “ ព្រះស្ដែង​ទាំង ៤ នេះ សឹងមាន​គុណ​ប្រសើរ​ដូចៗគ្នា ហើយ​ទ្រង់ត្រាស់​បង្គាប់ថា បុរស​ចេះហោរ​ត្រូវ​ទុក​ជាគ្រូ បុរសចេះបាញ់​ត្រូវទុក​ជាឪពុក បុរស​ចេះប្រោះ​ឲ្យរស់​ត្រូវទុក​ជាម្តាយ បុរស​ចេះ​មុជទឹក​ដែល​គេបាន​ស្ទាប​បានកាន់​អស់​អង្គនាង បាន​បី​បម​ថ្នម យក​នាងឡើង​មកអំពីទឹក ត្រូវ​បាន​នាងជា​ប្រពន្ធ​ “។

លុះចំណេរ​ទៅមុខបុរសជា​ប្ដីបានជា​ស្តេចក៏​ចិញ្ចឹម​រក្សា​អ្នកទាំងបី​ដោយនូវ​គន្លង​ព្រះមហាក្សត្រ​ទ្រង់​ត្រាស់​បង្គាប់​នោះ ។

Saturday, June 15, 2013

Posted by KIA007 On 7:46 AM


មាន​និទានមួយថាៈ មានបុរស៣នាក់ សុំ​ដោយសារ​ទូកឈ្មួញ​ទៅ បុរសមា្នក់​យក​ឈើ​ដូចជា ដងសាដៀវ​មកដេញ​ធ្វើជាភ្លេង បុរសម្នាក់​ទៀតកាលបើ ឭ​គេ​ដេញសាដៀវ​ធ្វើ​ភ្លេង​ដ៏​ពិរោះ​ដូច្នោះ​ហើយ​ ក៏ទះដៃ ឭសូរ​ស្រួយពិរោះ បុរស​ម្នាក់ទៀត​ឭសូរ​គេទះដៃ ពិរោះ​ដូច្នោះ ក៏​ក្រោកឈរ​ឡើង​រាំ​រំពេន​បត់បែន រត់​ទៅមក​លើទូក។ ទូកនោះ ក៏ឃ្លេងឃ្លោង ផ្អៀង​ក្រឡាប់​លិចទៅ ខូច​បង់​របស់​ទ្រព្យ​ឈ្មួញអស់។ ឈ្មួញ​បន្តឹង​ឲ្យបុរសទាំង ៣ នាក់ សង​ទ្រព្យសម្បត្តិ​ដែល​លិចលង់ ទៅ​ក្នុង​ទឹក​បាត់​អស់​នោះ។

ឯបុរស​ទាំង ៣ នាក់ ឈ្លោះ​ប្រកែក​បន្ទោស​គ្នា​ទៅវិញទៅមក ឲ្យ​រក​ទ្រព្យ​សងឈ្មួញ។ បុរស​ម្នាក់​និយាយ​ថា “ព្រោះហេតុ​តែចៅ​នេះរាំ បាន​ជាទូក​ឃ្លេងឃ្លោង​ទាល់តែ ក្រឡាប់​លិច​ទៅ​ត្រូវឲ្យ​ចៅ​នេះ​ឯង​រកទ្រព្យសងគេ”។ បុរស​អ្នករាំ​នោះឆ្លើយថា "ព្រោះហេតុ​តែ​ចៅ​នេះ​ទះដៃ​ឭសូរស្រួយ​ពិរោះ បាន​ជា​ខ្ញុំក្រោកឈរ​ឡើងរាំ ត្រូវឲ្យចៅ​នេះរក​ទ្រព្យសងគេ"។ បុរស​អ្នក​ទះដៃ​បន្ទោស​ទៅ​បុរស​ម្នាក់ទៀត​ថាៈ “ព្រោះហេតុ​តែចៅ​ដេញសាដៀវ ធ្វើបទភ្លេងសម្លេង ពិរោះបាន​ជាខ្ញុំទះដៃ​តាម ចង្វាក់ភ្លេង ត្រូវឲ្យចៅនេះឯង រកទ្រព្យសងគេ”។ ឯបុរស​អ្នក​ធ្វើភ្លេង​ឆ្លើយ​ឡើងថា “ខ្ញុំធ្វើភ្លេងមែនពិតប៉ុន្តែ ទូកឥតកម្រើក​ឃ្លេងឃ្លោងសោះ មកពីចៅនេះ​ទះដៃ​ឭសូរ​ពិរោះ បានជាចៅ ម្នាក់​ទៀត​ក្រោកឈររាំ ធ្វើឲ្យទូកលិចលង់ ខូចបង់របស់​ទ្រព្យគេអស់ ដូច្នេះ ត្រូវតែចៅទាំង ២ នាក់​នេះ​រកទ្រព្យសងគេ”។

បុរសទាំង ៣ នាក់ចេះ​តែ​បន្ទោស​គ្នា​ទៅវិញទៅមក គ្មានអ្នកណា​សុខចិត្ត រក​ទ្រព្យ​សងឈ្មួញ​ម្ចាស់​ទូក​ឡើយ ទើបនាំ​គ្នាទៅប្តឹង​ចៅក្រម។ ចៅក្រម​ជំនុំ​មិនដាច់ស្រេច​ក៏នាំរឿងនេះ ទៅ​ក្រាប​បង្គំ​ទូល​ព្រះមហាក្សត្រ​​តាមដំណើរ តាំងពីដើម​រហូតដល់ចប់។ ព្រះមហាក្សត្រ​ទ្រង់​ព្រះចិន្តា​ពិចារណា កាត់ក្តី​បុរសទាំង ៣ ធ្វើជាភាគៗ ចែកឲ្យ​សងទ្រព្យ​ឈ្មួញនោះ ព្រះអង្គមាន​ព្រះបន្ទូលថា “ ព្រះស្តែង​អ្នកធ្វើ​ជា​បទភ្លេង​នោះឲ្យសងភាគ ១ ឯព្រះស្តែង​អ្នកទះដៃ​ឲ្យសងភាគ ២ ចំណែក​ព្រះស្តែង​ដែល​ក្រោក​ឈរ​ឡើង​រាំឲ្យសងភាគ៣ “។ បុរសទាំង ៣ នាក់ទទួល​ព្រះសុខចិត្ត តាម​បន្ទូល​នោះហើយ ក៏​ក្រោក​ថ្វាយបង្គំ​លាទៅ​លំនៅទីទៃៗ។ ព្រះមហាក្ស​ត្រកាត់​សេចក្តី​យ៉ាងនេះ ហៅ​សុគិតមនំហោង ។

Saturday, May 18, 2013

Posted by KIA007 On 9:03 PM


• លោក បារ៉ាក់ អូបាម៉ា ជាប្រធានាធិបតេយ្យ ទី៤៤ នៃសហរដ្ឋអាមេរិក
• លោក អូបាម៉ា ជាប្រធានាធិបតេយ្យ ទី១ ដែលមានសំបុរខ្មៅរបស់សហរដ្ឋអាមេរិក
• លោក អូបាម៉ា ជាបេក្ខជនមកពីគណបក្ស ប្រជាធិបតេយ្យនៃសហរដ្ឋអាមេរិក
• លោក អូបាម៉ា បានឈ្នះឆ្នោតដោយបានឈ្នះ លោក ចន ម៉ាក ខែន នៅឆ្នាំ ២០០៨
• លោក អូបាម៉ា បានឈ្នះឆ្នោតដោយបានឈ្នះ លោក មីត រ៉ូមនី ក្នុងឆ្នាំ ២០១២
• លោក អូបាម៉ា បានចូលកាន់តំណែង នៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០០៩
• លោក អូបាម៉ា បានទទួលពានរង្វាន់ជ័យលាភី ណូបែលសន្តិភាព នៅឆ្នាំ ២០០៩
• លោក អូបាម៉ា មានកូនស្រីពីរនាក់ គឺ ម៉ាលា (កើតឆ្នាំ ១៩៩៨) និង សាសា (កើតឆ្នាំ ២០០១) (គិតត្រឹមអត្ថបទនេះបានសរសេរ ខែមេសា ២០១៣)
 • ឪពុករបស់លោកអូបាម៉ា មកពីប្រទេស គិនយ៉ា និង ម្តាយរបស់លោកមកពីរដ្ឋ កាន់សាស់
• លោក អូបាម៉ា ទទួលសញ្ញាប័ត្រច្បាប់ពីសាលាច្បាប់ ហាវឹត (Harvard Law School)
• លោក អូបាម៉ា ត្រូវបានគេហៅថា បារី (Barry) នៅក្នុងយុវភាពរបស់លោក
• ក្រៅពីភាសា អង់គ្លេស និង អេស្ព៉ាញ គាត់អាចនិយាយភាសា ឥណ្ឌូនេស៊ី បានល្អព្រោះគាត់បាន ចំណាយពេល ៤ឆ្នាំ នៅប្រទេសឥណ្ឌូនេស៊ី ពេលគាត់មានអាយុ ៦ ដល់ ១០ ឆ្នាំ 

Wednesday, May 1, 2013

Posted by KIA007 On 4:23 AM

ជួបសម្ភាសន៍ជាមួយ លោកគ្រូ ព្រាប សន
ក្រៅពីការសិក្សា និង បំពេញការងារ ការ​លេង​កីឡា កំពុង​តែមាន​​ប្រជាប្រិយភាពឡើង​នៅក្នុង​សង្គមកម្ពុជា។ កីឡា​បានផ្តល់​នៅ​អត្ថប្រយោជន៍​ជាច្រើន ទាំង​សុខភាព​ផ្លូវកាយ និង ផ្លូវអារម្មណ៍។ នៅក្នុង​សាលាបច្ចេកទេស ដុន បូស្កូ ការ​លេង​កីឡា​ជា​ផ្នែកមួយ​ដ៏​សម្ខាន់​ដែល​រួមបញ្ចូល​និង​ការ​សិក្សា​ផង​ដែរ។ ថ្ងៃនេះ​យើង​ជួប​សម្ភាសន៍​ជាមួយ​លោកគ្រូ ព្រាប សន ជាគ្រូ​ផ្នែក​ទំនាក់​ទំនង​សង្គម​និង​សារព័ត៌មាន​នៃ​សាលាបច្ចេកទេស ដុន បូស្កូខេត្តព្រះសីហនុ។ ឥឡូវ​នេះ​សូម​ជួបជា​មួយការ​សម្ភាសន៍​ដូចតទៅ៖

តើការលេងកីឡាមានពាក់ព័ន្ធអ្វីខ្លះដល់ការសិក្សា?
ការលេង​​កីឡា​អាចជួយ​អោយ​យើង​កាត់​បន្ថយ​អារម្មណ៍​តានតឹង ក្រោយ​ពីការ​សិក្សា​ពេញ​មួយថ្ងៃ​របស់​សិស្ស ជួយដល់សុខភាព ជួយបង្កើន​ចំណងមិត្តភាព និង​ជួយ​អោយ​ពួកគេ​មាន​ស្មារតី​ល្អ​មិន​ស្ពឹក​ស្រពន់

តើកត្តាដែលលោកគ្រូបានរៀបរាប់ខាងលើនេះមានពាក់ព័ន្ធអ្វីដល់ការសិក្សារបស់សិស្ស?
ការ​មាន​អារម្មណ៍ល្អ មានសុខភាពល្អ និងមានស្មារតីល្អ គឺជា​កត្តា​ដ៏​សម្ខាន់​ដែល​ជួយ​ជំរុញ​ដល់​ការសិក្សា​គឺពួក​គេ​មិនមាន​ភាព​តានតឺង​ច្របូក​ច្របល់ មានអារម្មណ៍ល្អ និង​មិន​ប្រឈម​មុខ​និង​ជម្ងឺ​ដែល​ជា​កត្តា​បណ្តាល​អោយ​មានអវត្តមាន។ ហើយ​ការ​មាន​ចំណង​មិត្តភាព​ល្អ​ក៏​បាន​ជួយ​ជំរុញ​យ៉ាង​ខ្លាំង​ដល់​ការសិក្សា​របស់​ពួក​គេ​ផងដែរ។

តើការលេងកីឡាមានសកម្មភាពយ៉ាងណានៅក្នុងសាលាបច្ចេកទេស ដុន បូស្កូ?
យើងមានរៀបចំ កាលវិភាគកីឡាជាប្រចាំ ហើយ​ការលេង​កីឡា​ត្រូវ​បាន​គិត​ជា​ពិន្ទុ​បូក​ជាមួយ​នឹង​ពិន្ទុ​សិក្សា​របស់​សិស្ស។ លើស​ពីនេះយើងមានការប្រកួត កីឡាតាមផ្នែកនីមួយៗ និង ការប្រកួត កីឡាពានរង្វាន់សាលា ដែលយើង​ហៅថាកីឡាពណ៌ ជារៀងរាល់ឆ្នាំ ដែលវិញ្ញាសារ មានដូចជា កីឡា បាល់ទាត់ បាល់ទះ បាល់បោះ រត់ប្រណាំ ដើរលើខ្សែពួរជាដើម។

ចំពោះលោកគ្រូតើលោកគ្រូចូលចិត្តលេងកីឡាឬទេ?បើចូលចិត្តលោកគ្រូចូលចិត្តលេងកីឡាអ្វីជាងគេ?
ខ្ញុំចូលចិត្តការលេងកីឡាណាស់ ខ្ញុំតែងតែលេងកីឡា​ជាប្រចាំ​ក្រោយ​ពេល​សំរាក​ពី​ការងារ និង លេង​ក្នុង​ម៉ោង​សិក្សា​ជាមួយ​សិស្ស។ ចំពោះ​កីឡា​ខ្ញុំ​ចូលចិត្ត​លេង​កីឡា​បាល់ទះជាងគេ។

តើលោកគ្រូមានទស្សនៈយ៉ាងណាដែលចំពោះការលេងកីឡា?
បន្ទាប់ពីបំពេញការងារ ការលេង​កីឡាជួយ​បន្ធូរ​អារម្មណ៍​តានតឹង ជា​ការ​កំសាន្ត​ដែល​ជួយ​ដល់​សុខភាព​យើង ជួយអោយអារម្មណ៍ ភ្លឺស្វាង សា្មរតីល្អ។ ខ្ញុំ​សង្ឃឹម​ថា​ការ​លេង​កីឡា​និង​ក្លាយ​ជា​កត្តា​មួយ​សម្ខាន់​សម្រាប់​សង្គម​យើង​បច្ចុប្បន្ន និង អនាគត ព្រោះ​កីឡា​មាន​សារៈ​ប្រយោជន៍​ជាច្រើន​ដូច​ដែល​យើង​បាន​ដឹង​ស្រាប់​មកហើយ។

 សូម​អរគុណ​សម្រាប់​ការ​ផ្តល់​បទសម្ភាសន៍​របស់​លោកគ្រូ ព្រាប សន។ ការ​លេង​កីឡា​ពិតជា​បាន​ជួយ​ដល់​ សុខភាព ជួយបង្កើនចំណងមិត្តភាព ជួយអោយ​អារម្មណ៌​ភ្លឺស្វាង រីករាយ និង ស្មារតីល្អ ដែល​ថែម​ទាំង​បានជួយ​អោយ ការសិក្សា និង ការងារ ដំណើរ​ការ​ទៅ​បាន​យ៉ាង​ប្រសើរ។

Thursday, April 18, 2013

Posted by KIA007 On 9:24 PM

តើលទ្ធិប្រជាធិបតេយ្យជាអ្វី? 

លទ្ធិប្រជាធិបតេយ្យ គឺជាលទ្ធិគ្រប់គ្រងរដ្ឋដោយប្រជាពលរដ្ឋមានន័យថា រាស្រ្តជាម្ចាស់នៃអំណាច ឬ ម្ចាស់នៃ​ប្រទេសជាតិ។ លទ្ធិនេះត្រូវបានគេបែងចែក​អំណាច​របស់រដ្ឋ​ជាបី​ដាច់ពីគ្នា ដែល​មាន​តុល្យភាពលើការ ត្រួតពិនិត្យ​​គ្នាទៅវិញ​​ទៅមក​​រវាង​​អំណាច ទាំងបី​នោះ​ហើយ អំណាច​ទាំងបី​នោះ​រួមមាន៖

១. អំណាចនីតិបញ្ញត្តិ
២. អំណាចនីតិប្រតិបត្តិ
៣. អំណាចតុលាការ

 លទ្ធិប្រជាធិបតេយ្យមានគោលសម្ខាន់ ៨យ៉ាងគឺ៖

១. ប្រជាពលរដ្ឋទាំងអស់មានសិទ្ធិស្មើគ្នា ចំពោះមុខច្បាប់និងការអប់រំ
២. ប្រជាពលរដ្ឋ មានសេរីភាពក្នុងការនិយាយស្ដី បង្កើតសហគមន៍ និងមានសិទ្ធិពេញទីខាង ជំនឿ និងសាសនា
៣. ប្រជាពលរដ្ឋមានសិទ្ធិរួមប្រជុំ ធ្វើបាតុកម្ម ឬ ញត្តិដោយសន្តិវិធី
៤. ប្រជាពលរដ្ឋមានសេរីភាពក្នុងការបញ្ចេញមតិ យោលបល់របស់ខ្លួន សេរីភាពខាងសារព័ត៌មាន និង​សេរីភាព​ខាង​ការ​បោះពុម្ពផ្សាយ
៥. ការគ្រប់គ្រង ត្រូវផ្អែកតាមច្បាប់ដែលយកទៅអនុវត្តលើប្រជាពលរដ្ឋ រដ្ឋាភិបាល និងស្ថាប័នរដ្ឋ
៦. សភា និង រដ្ឋាភិបាលត្រូវកើតឡើងដោយការបោះឆ្នោតទៀងទាត់តាមកាលកំណត់។ ការបោះឆ្នោតម្ដងៗ​ត្រូវមាន​ពហុ​គណបក្ស​នយោបាយ​ចូលរួម​ហើយ​​បោះឆ្នោត​ដោយសេរី ត្រឹមត្រូវ យុត្តិធម៌​និង​​ជាសំងាត់
៧. ប្រជាពលរដ្ឋទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងឈរឈ្មោះជាតំណាងរាស្ត្រ
៨. អំណាចតុលាការត្រូវតែឯករាជ្យ ពោលគឺជំរះក្តីឬកាត់ក្តីដោយយុត្តិធម៌។

ដូចនេះលុះត្រាតែមានកត្តាទាំងអស់ខាងលើ មិនអាចខ្លះមួយណាបានទើបអាចទទួលបានថា ជា​លទ្ធិ​ប្រជា​ធិបតេយ្យ​ដែល​ពេញបរិបូរណ៍។

Saturday, April 13, 2013

Posted by KIA007 On 3:38 AM
ប្រភព​រូបភាព

មនុស្សគ្រប់ជាតិសាសន៍ តែងប្រារព្ធពិធីចូលឆ្នាំថ្មី​ដែលជា​ប្រពៃណី​របស់ប្រជាជាតិរៀងៗ ខ្លួន។ គ្រាន់តែ​គេនិយម​កំណត់​ពេលវេលានៃ ការរៀប​ចំបុណ្យ​នេះបែ្លកៗ​គ្នា​ស្រប​ទៅតាម ជំនឿ​ទំនៀម​ទម្លាប់​ និងប្រពៃណី​របស់​គេប៉ុណ្ណោះ។ ជនជាតិខ្មែរយើង ក៏មាន​ប្រវត្តិ​ធ្វើ​​បុណ្យចូល​ឆ្នាំ​តាំងពី​បុរាណ​​កាល​ជា​​រៀងរាល់ឆ្នាំ រហូតមក ។ យើងបានប្រទះ ឃើញឯកសារជាច្រើន ដែល​និយាយ​ពី​ពិធី​បុណ្យ​ចូលឆ្នាំ​និង​ឧស្សាហ៍ បានស្តាប់​​ការនិទានរឿង​របស់ចាស់ទុំ​ជាច្រើន។


ប្រវត្តិ


មានតំណាលថា នៅដើមនៃភទ្ទកប្បមាន សេដ្ឋីម្នាក់ មានបុត្រមួយ ឈ្មោះធម្មបាលកុមារ ជា​អ្នកមាន​​ចំណេះវិជ្ជាដ៏វិសេស បានរៀនចេះចប់គម្ពីរត្រីវេទ តាំងពីអាយុបាន ៧ ឆ្នាំ ។ សេដ្ឋីបិតា​បាន​សាង​ប្រាសាទឲ្យ ធម្មបាលកុមារ នៅទៀបដើមជ្រៃមួយធំ នៅឆ្នេរទន្លេ ដែលជាទីស្នាក់អាស្រ័យ នៃបក្សីទាំងឡាយ ។ ធម្មបាលកុមារ ចេះទាំងភាសាបក្សី ទាំងពួងផង ព្រមទាំង​អាចធ្វើជា​អាចារ្យ​សម្ដែង​មង្គលផេ្សងៗ ដល់មនុស្សទាំងពួងផង។ គ្រានោះ មនុស្សលោករមែងរាប់អានមហាព្រហ្ម និង កបិលមហាព្រហ្ម ១ អង្គទៀតដែលជាអ្នកសម្ដែងមង្គលដល់មនុស្សទាំងពួង ។ ពេលនោះ កបិលមហាព្រហ្ម បានជ្រាបព័ត៌‌មានក៏ចុះមកសួរបញ្ហា នឹងធម្មបាលកុមារ ចំនួន ៣ ប្រស្នា ដោយ​សន្យាថា ប្រសិនបើ ធម្មបាលកុមារ អាចដោះប្រស្នាបាន កបិលមហាព្រហ្ម នឹងកាត់​ព្រះសិរ​សាទ្រង់​ដើម្បី បូជាចំពោះធម្មបាលកុមារ ប៉ុន្តែប្រសិនបើ ធម្មបាលកុមារ​មិនអាច​ដោះស្រាយ​ប្រស្នា​នោះរួច កបិលមហាព្រហ្មនឹងកាត់ក្បាលធម្មបាលកុមារវិញ ។ ធម្មបាល​កុមារសុំឲ្យ​ពន្យារពេល​ចំនួន ៧ ថ្ងៃសិនដើម្បីគិតប្រស្នា។ លុះកន្លងទៅ ៦ ថ្ងៃហើយ​ក៏​ធម្មបាល​កុមារ​នៅ​តែ​គិត​មិនឃើញ​ និង​ដឹង​ខ្លួនថា​ព្រឹកនេះ​នឹងត្រូវ​ស្លាប់​ដោយ​អាជ្ញា​​កបិល​មហា​ព្រហ្មជា ប្រាកដ ។ ដូច្នេះ គួរតែរត់ ទៅលាក់ខ្លួន ពួនអាត្មា​ឲ្យស្លាប់​ដោយខ្លួន​ឯងប្រសើរជាង ។ ទើប​​ធម្មបាល​​កុមារ​​ចុះ​ពី​​ប្រាសាទ​​ទៅ​ដេកពួន​​នៅក្រោមដើម​ត្នោតមួយគូ ។

នៅលើដើមត្នោតនោះ មានសត្វឥន្ទ្រីញីឈ្មោលធ្វើសំបុក អាស្រ័យ​នៅ ។ វេលាយប់ សត្វឥន្ទ្រីញីសួរសត្វឥន្ទ្រីឈ្មោលថា ព្រឹកនេះ​យើងបាន​អាហារ​អ្វីធ្វើ​ជា​ចំណី? ឥន្ទ្រីឈ្មោលឆ្លើយថា យើងនឹងស៊ីសាច់ធម្មបាលកុមារ ដែល​នឹង​ត្រូវ​កបិល​មហាព្រហ្ម​សម្លាប់ ព្រោះធម្មបាល​​កុមារដោះប្រស្នាមិនរួច ។ ឥន្ទ្រីញីសួរថា ប្រស្នានោះដូចម្ដេច ? ឥន្ទ្រី​ឈ្មោល​ឆ្លើយថា​ : វេលាព្រឹកសិរីសួស្ដីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅលើផ្ទៃមុខ ។ ហេតុនេះ​ទើប​មនុស្ស​ទាំងឡាយត្រូវយកទឹកលប់មុខ ។ ប្រស្នាទី ២ ចោទថា ថ្ងៃត្រង់សិរីស្ថិតនៅត្រង់ណា ? ត្រូវ​ឆ្លើយថា នៅលើទ្រូង ។ ហេតុនោះទើបមនុស្សត្រូវយកទឹកលាងទ្រូង ។ ប្រស្នាទី ៣ ចោទថា វេលា​ល្ងាចសិរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅនឹងជើង ។ ហេតុនោះ ទើប​មនុស្ស​ទាំងឡាយ​ត្រូវយក​ទឹកលាងជើង ។ ធម្មបាលកុមារបានឮដូច្នេះ ក៏ត្រឡប់ទៅប្រាសាទវិញ ។

លុះព្រឹកឡើង កបិលមហាព្រហ្ម ក៏មកសួរប្រស្នា ធម្មបាលកុមារ ។ ធម្មបាលកុមារ ឆ្លើយដោះស្រាយ តាម​ដែល​បាន​ឮមក ។ កបិលមហាព្រហ្ម ក៏ទទួលថាពិតជាត្រឹមត្រូវ, ព្រមចុះចាញ់ និង សុខចិត្ត​ធ្វើតាម​ពាក្យសន្យា​របស់ខ្លួន ។ កបិលមហាព្រហ្ម ហៅទេពធីតាទាំង ៧ អង្គ ដែលជា បាទបរិចាវិកា ព្រះឥន្ទ្រ មកប្រាប់ថា ឥឡូវបិតា​ត្រូវកាត់​ព្រះសិរសា​ដើម្បីបូជា​ចំពោះ​ធម្មបាលកុមារ តែបើ​ដាក់ក្បាល​នោះលើផែនដី នោះនឹងកើតជាភ្លើងឆេះទាំងលោកធាតុ បើ​បោះ​ទៅ​លើអាកាស នឹងនាំឲ្យរាំងភ្លៀង បើចោលក្នុងមហាសមុទ្រ នោះទឹកនឹងរីងស្ងួតហួតអស់ ។ ដូច្នេះ​សូមឲ្យកូនទាំង ៧ អង្គ យកពានមកទទួលព្រះសិរសាបិតា ។ ពោលរួច ព្រះអង្គ​ក៏កាត់​ព្រះសិរសា​​ហុចទៅ​​ឲ្យ​​ព្រះនាង ទុង្ស ជាកូនច្បង ។ ព្រះនាង ទុង្ស ក៏បានយក​ពានមក​ទទួល​ព្រះសិរសា​បិតា រួចហែ​​ប្រទក្សិណ​​ភ្នំព្រះសុមេរុ ៦០ នាទី​ទើបយាង​ទៅប្រតិស្ឋានទុក ក្នុង​មណ្ឌ​លេះ​នៅ​ក្នុង​គុហាគន្ធមាលី នាភ្នំកៃលាស និងបូជាគ្រឿងទិព្វផេ្សងៗ ។ ព្រះវិស្សកម្មទេវបុត្រ ក៏និមិត្តរោងទិព្វធ្វើពីកែវ ៧ ប្រការ ឈ្មោះថា "ភគវតីសភាសាលា" ឲ្យជាទីប្រជុំនៃទេវតា ។ លុះដល់គម្រប់ ១ឆ្នាំជា សង្ក្រាន្តត នាងទេពធីតា​ទាំង ៧ អង្គ ក៏ផ្លាស់វេនគ្នា មកអញ្ជើញ ព្រះសិរសាកបិលមហាព្រហ្ម ចេញ​មកហែ​ប្រទក្សិណ ភ្នំព្រះសុមេរុជារៀងរាល់ៗឆ្នាំ រួចហើយ​យាង​ត្រឡប់​​ទៅស្ថាន​ទេវ​លោក​ដើម្បី​តម្កល់​វិញ។​

Thursday, April 4, 2013

Posted by KIA007 On 10:59 PM

 
ប្រភពរូបភាព

វិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជាចែកចេញជា៥ផ្នែកគឺ៖ 


១. ទេសចរណ៍វប្បធម៌ៈ ការធ្វើដំណើរកំសាន្តតាមតំបន់ ដែលមានប្រាសាទបុរាណ វត្តអារាម ទីកន្លែងសក្ការៈបូជា ប្រពៃណីទំនៀមទំលាប់ ល្បែងប្រជាប្រិយរបាំប្រជាប្រិយ និងសំលៀកបំពាក់ជាដើម។

២. ទេសចរណ៍ធម្មជាតិៈ ការធ្វើដំណើរកំសាន្តតាមតំបន់ដែលមានសម្រស់ធម្មជាតិទូទៅ បរិស្ថាន តំបន់ដែលបានការពារសត្វព្រៃ មច្ឆាជាតិ និង របៀបគ្រប់គ្រងការរស់នៅ ជំនឿ ប្រពៃណីទំនៀមទំលាប់ និងជនជាតិភាគតិច។

៣. ទេសចរណ៍អរូបិយៈ ធ្វើដំណើរកំសាន្តដែលទាក់ទងទៅនឹងសាសនា ជំនឿ (ការគោរពអ្នកតា ភាពអស្ចារ្យជាដើម)។

៤. ទេសចរណ៍កែច្នៃៈ ធ្វើដំណើរកំសាន្តតាមតំបន់ដែលបានប្រែក្លាយទៅជារមណីដ្ឋាន កន្លែងកំសាន្ត មជ្ឈមណ្ឌលកីឡា និងកន្លែងមានពន្លឺ ព្រះអាទិត្យគ្រប់គ្រាន់ ដូចជាឆ្នេរសមុទ្រ...។

៥. ទេសចរណ៍ជំនួញៈ ធ្វើដំណើរកំសាន្តលំហែរបស់អ្នកបណ្ដាក់ទុន ដើម្បីស្វែងរកទីតាំងសម្រាប់វិនិយោគ បញ្ហានេះទាក់ទងនឹងវិស័យឧស្សាហកម្មទេសចរណ៍។